បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូប មិនរាថយទេក្នុងការចូលរួមប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥នៅថ្ងៃចន្ទទី២៣ខែកញ្ញា ឆ្នាំ២០១៣ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៥រូបធ្វើពហិការក្នុងការចូលរួមប្រជុំនិងបានស្នើសុំឲ្យមានការពន្យារពេលកិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥មួយរយៈ។
តាមកម្មវិធីគ្រោងទុកដែលបង្ហើបប្រាប់ដោយឯកឧត្តម ខៀវ កាញារីទ្ធ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅវេលាព្រឹកនាថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣ រដ្ឋសភានីតិកាលទី៥នឹងធ្វើការប្រជុំអនុម័តបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងនៅវេលាល្ងាចនាថ្ងៃដដែលនេះ រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានឹងធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងស្របតាមមាត្រា១១៩ថ្មីនៃរដ្ឋធម្មនុញ្ញដែលមានខ្លឹមសារដូចមានចែងក្នុងឧបសម្ព័ន្ធ៦នៃរដ្ឋធម្មនុញ្ញ។
លើសពីនេះ នៅវេលាព្រឹកនាថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៣ គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅវិមានសន្តិភាពនិងទទួលទានភោជនាហារថ្ងៃត្រង់នៅទីនោះតែម្តង។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា អ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបនាំគ្នាប្រជុំអនុម័តតែងតាំងគណៈរដ្ឋមន្ត្រីនីតិកាលទី៥នៃរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជាដែលមាន«សម្តេចតេជោសែន»ជានាយករដ្ឋមន្ត្រី គឺប្រៀបប្រដូចបានទៅនឹងគណបក្សប្រជាជនកម្ពុជាទាំងមូលដឹកនាំប្រទេសជាតិតាមរបៀប«ជាអាជ្ញាកណ្តាលផ្លុំកញ្ចែផងនិងជាកីឡាករផង»។ មានន័យថា សភាជាស្ថាប័ននីតិប្បញ្ញត្តិរបស់គណបក្សប្រជាជនកម្ពុជាផង និងរាជរដ្ឋាភិបាលជាស្ថាប័ននីតិប្រតិបត្តិរបស់គណបក្សប្រជាជនកម្ពុជាផង ពោលគឺ ជាព្រះរាជាណាចក្រគណបក្សប្រជាជនកម្ពុជា ឬជា ព្រះរាជាណាចក្រ ហ៊ុន សែន ៕