បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ចំនួន៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានត្រៀមខ្លួនរួមជាស្រេចក្នុងការចូលរួមប្រជុំដំបូងនៃរដ្ឋសភាថ្ងៃទី២៣កញ្ញា តាមការប្រទានលិខិតអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន៥៥រូបរបស់គណបក្សសង្គ្រោះជាតិនិងប្រជាពលរដ្ឋម្ចាស់ឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិព្រមទាំងអង្គការសង្គមស៊ីវិលបានធ្វើលិខិតនិងដាក់ញត្តិទូលថ្វាយព្រះមហាក្សត្រស្នើសុំឲ្យមានការពន្យារពេលនៃកិច្ចប្រជុំដំបូងរដ្ឋសភាមួយរយៈក៏ដោយ។
មិនទាន់ឃើញមានព្រះតម្រិះសាជាថ្មីរបស់ព្រះមហាក្សត្រតបទៅនឹងសំណើទូលថ្វាយរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ៥៥រូបរបស់គណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋម្ចាស់ឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅឡើយទាក់ទងនឹងការស្នើសុំឲ្យមានការពន្យារពេលកិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥មួយរយៈនោះ ខណៈដែលវេទិការនៅវិមានរដ្ឋសភាជាតិត្រូវបានមន្ត្រីគណបក្សប្រជាជនកម្ពុជារៀបចំរួចជាស្រេចត្រៀមទទួលការយាងរបស់ព្រះមហាក្សត្រធ្វើជាព្រះរាជាធិបតីភាពកិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥នៅថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣។
កិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ប្រសិនបើមានដំណើរការដូចការគ្រោងទុកនៅថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣ពិតប្រាកដមែននោះ គឺមានតែបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៨រូបនិងព្រះភ័ក្ត្រព្រះមហាក្សត្រប៉ុណ្ណោះ រីឯបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិចំនួន៥៥រូប គឺគ្មានវត្តមានទេដោយ អ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបនោះកំពុងឋិតនៅលើទឹកដីអង្គរខេត្តសៀមរាបឯណោះ។
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជាបានលើកឡើងថា ការពន្យារពេលមួយរយៈនៃកិច្ចប្រជុំដំបូងរដ្ឋសភានីតិកាលទី៥ដើម្បីទុកឱកាសគ្រប់គ្រាន់ឲ្យគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរជជែកចរចាគ្នាអំពីបញ្ហាប្រទេសជាតិស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនោះ វាមិនមែនខុសច្បាប់អ្វីទេ ពីព្រោះការពន្យារពេលមួយរយៈមិនមែនមានន័យថា ជាប់គាំងនយោបាយអ្វីធ្ងន់ធ្ងរឡើយ។ ប៉ុន្តែការតាំងចិត្តដោយរឹងត្អឹងជម្នះបើកកិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ដោយគ្មានវត្តមានតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិចំនួន៥៥រូបឯណោះទេ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីរូបភាពបែកបាក់នៃគ្រួសារខ្មែរ ដែលនេះ គឺជាវប្បធម៌ដ៏អាក្រក់បំផុតមិនគួរឲ្យកើតមានទៀតឡើយ។
ក្រុមអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជាបានលើកឡើងថា ប្រសិនបើមានការពន្យារពេលកិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥មួយរយៈនោះ គឺព្រះមហាក្សត្រទ្រង់ក៏នឹងមានព្រះកិត្តិយសនិងព្រះកិត្តិនាមចិញ្ចែងចិញ្ចាចផងនិងបង្ហាញអំពីរូបភាពរួបរួមគ្នា យោគយល់គ្នា ឯកភាពគ្នាក្នុងមហាគ្រួសារខ្មែរតែមួយ ពីព្រោះរដ្ឋសភាជាស្ថាប័នរបស់ជាតិ ត្រូវបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មិនមែនជាសភារបស់គណបក្សនយោបាយផ្តាច់មុខទេ៕