ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សច្ចាប្រណិធាន​ជា​លក្ខណៈ​ផ្ទៃក្នុង​បក្ស​នៅ​ចំពោះមុខ​មហាជន​

នៅ​វេលា​ព្រឹក​មិញ​នេះ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​និង​ឯកឧត្តម​សម រង្ស៊ី ជា​ប្រធាន​គណបក្ស​បាន​ជួបជុំគ្នា​នៅ​ខេត្តសៀមរាប​នៃ​ទឹកដី​អង្គរ​ដោយ​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះមុខ​មហាជន​ខ្មែរ វត្ថុ​ស័ក្តិសិទ្ធិ​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា ទេវតា​រក្សា​ស្វេតច្ឆត្រ​និង​បារមី​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​ខ្មែរ មាន​ជាអាទិ៍ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។​

ខ្លឹមសារ​ពា​ក្ស​សច្ចាប្រណិធាន​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៥​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដូចតទៅ​៖-​សូម​បេ្ត​ជ្ញា​ប្តូរផ្តាច់​ហ៊ាន​បូជា​ជីវ​ត​មិន​ក្បត់ជាតិ មាតុភូមិ​កម្ពុជា​។​-​សូម​ប្តេជ្ញា​មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាដាច់ខាត​។​-​សូម​ប្តេជ្ញា​ប្រឆាំង​ដាច់ខាត​នឹង​អំណាច​ផ្តាច់ការ អំពើពុករលួយ អំពើហិង្សា និង​អយុត្តិធម៌​សង្គម​គ្រប់បែបយ៉ាង​។​

ការធ្វើ​សច្ចាប្រណិធាន​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​ព្រឹក​មិញ​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សម្តែង​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅត្រង់ថា អនុលោម​តាម​មាត្រា​៨២​ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​នៃ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម​បានចែង​ថា​«​តំណាងរាស្ត្រ​ទាំងអស់​ត្រូវធ្វើ​សច្ចាប្រណិធាន​មុនពេល​ចូលកាន់​តំណែង​ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​៥​នៃ​រដ្ឋធម្មនុញ្ញ​»​។​ពាក្យ​សច្ចាប្រណិធាន​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវធ្វើ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ​និង​ទេវតា​រក្សា​ស្វេតច្ឆត្រ​។ ប៉ុន្តែ​ការធ្វើ​សច្ចាប្រណិធាន​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៥​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​ព្រឹក​មិញ​នេះ​មិនបាន​ធ្វើ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​និង​ព្រះភ័ក្ត្រ​សម្តេចព្រះសង្ឃរាជ​ទេ​។​

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា ការធ្វើ​សច្ចាប្រណិធាន​និង​ការស្បថ​ស្បែ​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រឹក​មិញ​នៅ​ទឹកដី​អង្គរ​នេះ គឺ​ត្រូវ​ចាត់ទុកថា ជាការ​ធ្វើ​សច្ចាប្រណិធាន​នៅក្នុង​រង្វង់​ផ្ទៃក្នុង​របស់​គណបក្ស​ប៉ុណ្ណោះ ហើយក៏​មិនគួរ​មានការ​រិះគន់ថា​អំពើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាការ​ប្រមាថ​ទៅលើ​អង្គ​ព្រះមហាក្សត្រ​និង​ច្បាប់រដ្ឋធម្មនុញ្ញ​នោះដែរ បី​ព្រោះ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ព្រមព្រៀង​ចូលប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥​នៅឡើយ​។​

ក្រុមអ្នកច្បាប់​បានលើកឡើង​ទៀតថា នៅពេល​ថ្ងៃ​ណាមួយ​ដែល​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ទាំង​ចំនួន​៥៥​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចូលកាន់​មុខតំណែង​នោះ គឺត្រូវធ្វើ​សច្ចាប្រណិធាន​ឲ្យ​ស្របតាម​ខ្លឹមសារ​ដូច​មានចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​៥​នៃ​រដ្ឋធម្មនុញ្ញ​ជាក់​ជាមិនខាន​៕​

1236429_592621120794625_232246793_n

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.