ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ច្បាប់​របស់​គណបក្សកាន់អំណាច​លែង​មានន័យ​សម្រាប់​គណ​បក្សនយោបាយ​ប្រឆាំង​

​មិន​ត្រឹមការអនុវត្ត​ច្បាប់​ពោរពេញ​ទៅដោយ​ការរើសអើង បក្ខពួកនិយម​និង​តម្កល់​លុយកាក់ អំណាច​ជាធំ​ទេ សូម្បីតែ​ការបង្កើត​ច្បាប់​ក៏​សំដៅ​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​អ្នកមានអំណាច អ្នកមាន​លុយ​និង​គណបក្ស​របស់ខ្លួន​ដែល​គ្រប់គ្រង​ប្រទេស​ដែរ​នៅក្នុង​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​នៃ​យើង​នេះ​។

​ព័ស្តុតាង​ជា​ឧ​ទារ​ហណ៍​មួយ​ក្នុងចំណោម​ជាច្រើន គឺ​ច្បាប់​ឯក​ពន្ធភាព ដែល​ការបង្កើត​ច្បាប់​នេះ​មក​សំដៅ​ចាត់ការ​តែ​ទៅលើ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​ទី​១ អតីត​ប្រធានរដ្ឋសភា​នីតិកាល​ទី​៣​និង​អតីត​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប៉ុណ្ណោះ​«​នេះ​ជា​ល្បែង​នយោបាយ​ដោយ​យក​ច្បាប់​មក​ធ្វើជា​អាវុធ​ច​វាយលុក​និង​ជា​ខែល​ការពារ​»​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​ការបង្កើត​ច្បាប់​នេះ​បាន​ទទួលរង​ការរិះគន់​យ៉ាងច្រើន​ពី​ស្រទាប់​មហាជន ពីព្រោះ​ជា​ច្បាប់​ដែល​រឹតបន្តឹង​សិទ្ធិសេរីភាព​«​ធ្វើ​នៅនឹងកន្លែង​ផង និង​មិន​លើសពី​២០០​នាក់​ផង​…»​។​ល​។​

ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​លើក​កន្លងមក ជាពិសេស​នៅលើ​ក​ទី​២​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៣ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​វាយតម្លៃថា ជា​បាតុកម្ម​ខុសច្បាប់ ដោយ​អាជ្ញាធរ​បាន​លើក​ហេតុផល​ថា ច្បាប់​អនុញ្ញាត​មិន​ឲ្យ​ហែ​ក្បួន បែរជា​គណបក្សប្រឆាំង​ហែ ច្បាប់​អនុញ្ញាត​ឲ្យ​មាន​បាតុករ​មិន​លើសពី​១​ម៉ឺន​នាក់ បែរជា​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​មាន​បាតុករ​ចូលរួម​ច្រើនជាង​៤​ទៅ​៥​ដង​…​។​ល​។ ប៉ុន្តែ ទោះជា​យ៉ាងណាក្តី​អាជ្ញាធរ​មិនអាច​ទប់ស្កាត់​កម្លាំង​រួបរួមគ្នា​របស់​ក្រុមបាតុករ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បានឡើយ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​កន្លងមក​បាន​អះអាងថា មហា​បាតុកម្ម​នេះ​កើតចេញពី​ឆន្ទៈ​និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​ទាមទារ​ចង់បាន​យុត្តិធម៌​សម្រាប់​ពួកគេ​និង​ពួកគេ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​នូវ​ប្រព័ន្ធ​ដឹកនាំ​ប្រទេសមួយ​ដែល​ផ្តាច់ការ​និង​អយុត្តិធម៌  រួមទាំង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៣​កន្លងមក​។​

ម​ជ្ឃ​ដ្ឋា​ន​អ្នកច្បាប់​ឯករាជ្យ​និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា ការបង្កើត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ការអនុវត្ត​ច្បាប់​ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងនោះ​ហាក់​មិន​ស្របទៅនឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ដែលជា​ច្បាប់កំពូល​របស់​ប្រទេស​ទេ ដែល​សឹង​ទាំងអស់​ច្បាប់​បង្កើតឡើង​និង​ការអនុវត្ត​ច្បាប់​នៅក្នុង​សម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស​គ្រប់គ្រង​អំណាច បុគ្គល​អ្នកមាន​លុយ បុគ្គល​អ្នកមានអំណាច​និង​មន្ត្រី​ពុករលួយ​បម្រើការ​នៅក្នុង​ស្ថាប័ន​ជាតិ​ច្រើនជាង​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​និង​ជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​។​

ឥឡូវនេះ ឆ្លុះបញ្ចាំង​តាមរយៈ​សំឡេងឆ្នោត​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​មកលើ​គណបក្សនយោបាយ​ប្រឆាំង​និង​សកម្មភាព​រួបរួមគ្នារ​បស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​នៅ​ជុំវិញ​គណបក្ស​សង្គ្រោះ​ជាតិ​បានបង្ហាញ​ឲ្យ​ឃើញថា  ច្បាប់​របស់​គណបក្សនយោបាយ​កាន់អំណាច​ដែល​មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ចាប់ផ្តើម​លែងមាន​ន័យ​ខ្លឹមសារ​សម្រាប់​គណបក្សនយោបាយ​ប្រឆាំង​ដែលមាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​គាំទ្រ​ប្រមាណ​៣​លាន​នាក់​នោះ​ទៀតហើយ​។​

ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ទៀតថា ចំណុច​គ្រោះថ្នាក់​បំផុត​នៅក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ននេះ ច្បាប់រដ្ឋធម្មនុញ្ញ​លែង​សំខាន់​និង​លែង​ស័ក្តិ​សមជា​ច្បាប់កំពូល​របស់​ប្រទេស​ហើយៗ​អ្វីដែល​មន្ត្រី​នាំគ្នា​ខ្លបខ្លាច គោរព​និង​សូត្រ​ទន្ទេញ​រត់មាត់​នោះ គឺ​អនុសាសន៍​របស់​«​សម្តេច​តេ​ជោ​សែន​» ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​តែ​ម្នាក់​គត់​ទៅវិញ​៕​

34110_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.