ការកត់សម្គាល់ជាក់ស្តែងនាពេលបច្ចុប្បន្ន បណ្តាញឃោសនាសឹងតែទាំងអស់ ទាំងរដ្ឋ ទាំងឯកជន ដូចជាទូរទស្សន៍ វិទ្យុ សារព័ត៌មានបោះពុម្ព និងសារព័ត៌មានអេឡិចត្រូនិច "Website"… មាននិន្នាការនយោបាយលម្អៀងខាងគណបក្សប្រជាជនកម្ពុជា និងជារបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចដុះស្លែ មិនប្តូរវេននៅកម្ពុជាតែម្តង ។
ដោយឡែក សម្រាប់គណបក្សនយោបាយប្រឆាំង ទោះបីមានលុយសុំបង្កើតស្ថានីយ៍ទូរទស្សន៍ វិទ្យុក៏ដោយ ក៏អាជ្ញាធរឆ្លើយតបថា គ្មានកាណាល់និងគ្មានហ្វ្រេកង់ដែរ រីឯផ្នែកសារព័ត៌មានបោះពុម្ពក្តី និងសារព័ត៌មានអេឡិចត្រូនិចក្តី ដែលជារបស់គណបក្សប្រឆាំង គឺសឹងគ្មាន ហើយបើមានក៏ត្រូវរលំដែរ ពីព្រោះសម័យ"សម្តេចតេជោសែន" ជាសម័យមហាកំពូលរើសអើងបំផុតខាងផ្នែកទទួលព័ត៌មានផង និងខាងសេវាពាណិជ្ជកម្មផង ។
ក្នុងស្ថានភាពបែបនេះ ស្របគ្នានឹងការរីកចម្រើនខាងផ្នែកព័ត៌មានវិទ្យាផង និងក្នុងខណៈអាជ្ញាធរមិនអាចលុបបំបាត់បានផង គឺបណ្តាញព័ត៌មានសង្គម Facebook បានដើរតួយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក ដែលភាគច្រើនអ្នកមាន Account Facebook តែងបានគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រឆាំង ពីព្រោះពួកគេធុញទ្រាន់ និងឈឺចាប់ទៅនឹងប្រព័ន្ធការងារគ្រប់គ្រងប្រទេស និងថ្នាក់ដឹកនាំសព្វថ្ងៃ ហើយពួកគេចង់ធ្វើការផ្លាស់ប្តូរ ។
ព័ស្តុតាងបានបង្ហាញថា Page របស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបណ្តាញសង្គម Facebook មានអ្នកគាំទ្រចំនួន240K "ជាង២៤ម៉ឺននាក់" ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រចំនួន192K "ជាង១៨ម៉ឺននាក់" ខណៈ Page មួយឈ្មោះ Samdech Hun Sen, Cambodian Prime Minister ដាក់ Profile រូបថត"សម្តេចតេជោសែន" ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រត្រឹមចំនួន94.207នាក់ប៉ុណ្ណោះ ។ ស្របពេលជាមួយគ្នានេះ Page ឈ្មោះ I Love Cambodia Hot News មានអ្នកគាំទ្រចំនួន 236K "ជាង២៣ម៉ឺននាក់" និង Page ឈ្មោះ I Love Cambodia Hot News II ដែលជា Page តែងជួយឈឺឆ្អាល និងជ្រោមជ្រែងដល់គណបក្សសង្គ្រោះជាតិនោះ មានអ្នកគាំទ្រចំនួន 134.575នាក់ "ច្រើនជាងអ្នកគាំទ្រ Page ដាក់រូបថតសម្តេចតេជោសែនទៅទៀត" ។
ដោយសារមានប្រព័ន្ធចែករំលែកព័ត៌មានតៗគ្នាពីមួយទៅមួយបានលឿនរហ័សដូច្នេះហើយ ទើបនាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រជិត៣លានសំឡេង ក្នុងចំណោមសំឡេងឆ្នោតសរុបចំនួនជាង៦លានសំឡេង នៅទូទាំងប្រទេស ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ម្សិលមិញនេះ ឯកឧត្តម សម រង្ស៊ី បាន Post ព័ត៌មានមួយនៅក្នុង Page របស់ឯកឧត្តម ដោយបានប្រកាសថា "បើបងប្អូនជនរួមជាតិដែលចូលក្នុងទំព័រ Facebook របស់ខ្ញុំ ចង់តាមដានផ្ទាល់នូវព្រឹត្តិការណ៍ណាមួយដែលក្រុមខ្ញុំកំពុងថតផ្សាយ សូមចុចប្រអប់ Ustream Live ដែលឋិតនៅក្បាលទំព័រខាងស្តាំដៃ ហើយមានរូបដូចខាងក្រោមនេះ ។ ក្រោយពីការផ្សាយផ្ទាល់រួចមក បើចង់ទស្សនាវីដេអូទាំងស្រុង ស្តីពីព្រឹត្តិការណ៍នោះ សូមចុចលើប្រអប់ដដែល ។" ។
សរុបសេចក្តីមក ទំព័របណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានក្លាយទៅជាទូរទស្សន៍របស់គណបក្សនយោបាយប្រឆាំងបច្ចុប្បន្ន ដោយប្រើប្រព័ន្ធ Ustream Live ខណៈដែលគណបក្សប្រឆាំងមិនមានទូរទស្សន៍ និងវិទ្យុផ្ទាល់ខ្លួនដូចគណបក្សនយោបាយកាន់អំណាចនៅកម្ពុជា ៕