ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ​ក្នុង​រឿង​បើក​កិច្ចប្រជុំ​ដំបូង​រដ្ឋសភា​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​

ព្រះរាជតួនាទី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ម​ជ្ឃ​ដ្ឋា​ន​ទូទៅ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅក្នុង​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ គឺមុនពេល​លទ្ធផល​ឆ្នោត​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​«​គ​.​ជ​.​ប​»​ទ្រង់​បានចេញ​ព្រះរាជសារ​រហូតដល់​ទៅ​ចំនួន​២​លើក​«​លើក​ទី​១​ចុះ​ថ្ងៃទី​០៧​ ខែសីហា ឆ្នាំ​២០១៣ ធ្វើ​នៅ​រាជធានី​ភ្នំពេញ​និង​លើក​ទី​២​ចុះ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៣​មិន​កំណត់​អំពី​កន្លែង​ធ្វើ តែ​ខណៈ​ព្រះអង្គ​កំពុង​គង់នៅ​ប្រទេស​ចិន​» និង​បន្ទាប់មក​ព្រះអង្គ​បានចេញ​ព្រះរាជសារ​ចុះ​ថ្ងៃទី​០៩​ខែកញ្ញា ឆ្នាំ​២០១៣​ ដោយ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​នៅ​ថ្ងៃទី​២៣ ​ខែកញ្ញា ឆ្នាំ​២០១៣​តែម្តង​«​ក្រោយពេល​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​តែមួយ​ថ្ងៃ​និង​ក្នុងខណៈ​ពេលដែល​ព្រះអង្គ​គង់នៅ​ប្រទេស​ចិន​នៅឡើយ​»​។​

​អ្វីដែល​ធ្វើ​ឲ្យ​ម​ជ្ឃ​ដ្ឋា​ន​ទូទៅ​ចាប់អារម្មណ៍​ថែមទៀត​ទៅលើ​ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ​នោះ គឺ​បន្ទាប់ពី​ទ្រង់​បានចេញ​ព្រះរាជសារ​ចុះ​ថ្ងៃទី​១៨​ខែកញ្ញា ឆ្នាំ​២០១៣​ឆ្លើយតប​ទៅនឹង​សំណើ​ចុះ​ថ្ងៃទី​១៤​ខែកញ្ញា ឆ្នាំ​២០១៣ របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​ដែល​បានទូល​ថ្វាយ​សុំ​ពន្យារពេល​បើក​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​មួយរយៈ ប៉ុន្តែ​ត្រូវបាន​ទ្រង់​សម្រេច​ព្រះទ័យ​កំណត់​កាលបរិច្ឆេទ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ នៅ​ថ្ងៃទី​២៣​ខែកញ្ញា ឆ្នាំ​២០១៣​ដដែល​។​

​ចាប់តាំងពី​អង្គ​ព្រះមហាក្សត្រ​ទ្រង់​បានចេញ​ព្រះរាជសារ​ចុះ​ថ្ងៃទី​១៨​ខែកញ្ញា ឆ្នាំ​២០១៣​ជូន​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូបនោះ​រួចមក ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ​បានក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម Facebook រហូតដល់​ថ្នាក់​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ឬ​ហៅថា​រាជរដ្ឋាភិបាល​ចាំផ្ទះ​ចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ទៅនឹង​ការរិះគន់​នានា​ទៅលើ​ព្រះមហាក្សត្រ​។​

សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៨​ខែកញ្ញា ឆ្នាំ​២០១៣​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤​ដែល​សម្តែង​ចេញ​នូវ​ប្រតិកម្ម​នឹង​ការរិះគន់​លើ​អង្គ​ព្រះមហាក្សត្រ​នោះ រ​រឹងរឹតតែ​ធ្វើ​ឲ្យ​ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ​ត្រូវបាន​អ្នកលេង Facebook លើក​យកមក​ធ្វើជា​ប្រធានបទ​សម្រាប់​វែកញែក​ខ្លាំង​ឡើងៗ ដោយ​ពួកគេ​អះអាងថា​ពួកគេ​គោរព​ព្រះមហាក្សត្រ ពួកគេ​មិនមែន​រិះគន់​នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​កិត្តិយស​និង​ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់​ត្រឹម​ទូល​ស្នើសុំ​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ក្នុងឋានៈ​ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ ដើម្បី​ព្រះអង្គ​មាន​ព្រះតម្រិះ​ឡើងវិញ​ឲ្យ​មានការ​ពន្យារពេល​បើក​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​មួយរយៈ​ទុក​ឱកាស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ចរចា​គ្នា​រក​ដំណោះស្រាយ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​

គួរ​រម្លឹក​ជូន​ដែរ​ថា ភាពចម្រូងចម្រាស់​ទាក់​ទង​នឹង​ការបើក​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​មិនមែន​ទើបតែ​ធ្លាប់​កើតមាន​នាពេលនេះ​ទេ គឹ​បាន​កើតមាន​កាលពី​អាណត្តិ​ទី​៣​ដែល​កាលណោះ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គ​នៅ​គង់​ជា​អតីតព្រះមហាក្សត្រ​មកម្ល៉េះ​។​កាលណោះ​ដោយសារ​មាន​សម្ពាធ​គ្រប់​ជ្រុង​មកលើ​ព្រះ​អង្គជា​ព្រះមហាក្សត្រ ទ្រង់​ក៏បាន​សម្រេច​ព្រះទ័យ​មិន​យាង​ទៅ​បើក​កិច្ចប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៣​នោះទេ ដោយ​ទ្រង់​បាន​ប្រទាន​សិទ្ធិ​ជូន​សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា​ជា​តំណាង​របស់​ព្រះអង្គ​បើក​កិច្ចប្រជុំ​ដំបូង​រដ្ឋសភា​ក្នុងឋានៈ​ជា​ព្រះរាជា​នុ​សិទ្ធិ​«​សូម​អាន​ព្រះរាជា​សារ​ចុះ​ថ្ងៃទី​១៩​ខែកញ្ញា ឆ្នាំ​២០០៣​របស់​សម្តេចឪ សម្តេច​តា​»​។​

ម​ជ្ឃ​ដ្ឋា​ន​អ្នកច្បាប់​និង​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា ការគំរាមកំហែង​រប​ស់រាជ​រដ្ឋ​ភិ​បាល​ចាំផ្ទះ​ទៅលើ​ប្រព័ន្ធ​បណ្តាញ​សង្គម​មិន​ឲ្យ​លើកឡើង​អំពី​ព្រះរាជតួនាទី​ដ៏​ខ្ពង់ខ្ពស់​របស់​អង្គ​ព្រះមហាក្សត្រ​នោះ មន​អាចទៅរួច​ទេ គឺ​មានតែ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ដែល​ឈ្នះឆ្នោត​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ធ្វើការ​ជជែក​ចរចា​គ្នា​រក​ចំណុច​ជា​កណ្តាល ឲ្យ​សមរម្យ​និង​មាន​យុត្តិធម៌​ទើប​ជា​ដំណោះស្រាយ​ដ៏​ល្អ ហើយក៏​មានន័យថា ជួយ​លើកស្ទួយ​ព្រះ​កិត្តិយស​និង​ព្រះកិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ​ផងដែរ​៕​

961200_221006374728540_1297265135_n

702072_221006381395206_1359976972_n

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.