ក្នុងឆ្នាំ២០១៣នេះ មន្ត្រីអ្នកមានអំណាចនៃគណបក្សប្រជាជនកម្ពុជាចំនួន២រូបត្រូវបានអ្នកជំនួញក្នុងវិស័យឯកជនប្តឹងផ្តល់ទៅស្ថាប័នតុលាការចោទប្រកាន់ពីបទព្រហ្មទណ្ឌ គឺឯកឧត្តម កែប ជុតិមា អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៤ មានឋានៈស្មើរដ្ឋមន្ត្រីនិងបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តមឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុនអានកូប្រាឌ័រ ជាសមាជិកព្រឹទ្ធសភានីតិកាលទី៣និងជាសមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាអាណត្តិទី៥។
ឯកឧត្តម កែប ជុតិមា ត្រូវបានលោកស្រីឧកញ៉ា ឈិន សុគន្ធារី ហៅ យាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡាយីម៉ិច ហូលឌីង គ្រុប ប្តឹងចោទប្រកាន់ពីបទប្រើអំណាចដោយរំលោភបំពានយកដីធ្លីទំហំជាង៣៤ហិតារបស់លោកស្រីឋិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រគល់ឲ្យទៅឯកឧត្តមឧកញ៉ា លី យ៉ុងផាត់ និងទាមទារជំងឺចិត្តចំនួន១០០លានដុល្លារអាមេរិក«សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៣បន្ថែម»។ប៉ុន្តែ បណ្តឹងរបស់លោកស្រីឧកញ៉ា ឈិន សុគន្ធារី ហៅយាយក្រពើ ដែលប្តឹងប្រឆាំងឯកឧត្តម កែប ជុតិមា នេះត្រូវបានស្ថាប័នតុលាការសម្រេចតម្កល់រឿងទុកឥតចាត់ការតាំងពីរសាលាដំបូងរាជធានីភ្នំពេញរហូតដល់តុលាការសាលាឧទ្ធរណ៍។
ឯកឧត្តមឧកញ៉ា កុក អាន ត្រូវបានលោកស្រី ទេព កុលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ«PPIU» ត្រូវជាភរិយារបស់លោក ហេង ឈាង អតីតអគ្គនាយករងក្រុមហ៊ុនអានកូ ប្រាឌ័រ ប្តឹងកាលពីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះដោយចោទប្រកាន់ពីបទបរិហារបង្កាច់កេរិ៍្ត និងទាមទារជំងឺចិត្តចំនួន៣៥លានដុល្លារអាមេរិក។
ការសម្រេចដាក់ពាក្យបណ្តឹងរបស់លោកស្រី ទេព កុលាប ដែលប្តឹងប្រឆាំងនឹងឯកឧត្តមឧកញ៉ា កុក អាន ជាមន្ត្រីធំមានអំណាចនិងមានលុយរបស់គណបក្សប្រជាជនកម្ពុជានេះ គឺបន្ទាប់ពីឯកឧត្តមឧកញ៉ា កុក អាន ធ្លាប់បានប្តឹងលោកស្រីពីបទរំលោភលើសេចក្តីទុកចិត្តទៅតុលាការ នាំឲ្យលោកស្រីជាប់ពន្ធនាគារអស់រយៈពេលជាង១៥ខែរួចមក ប៉ុន្តែជាកុសលសំណាងល្អលោកស្រីត្រូវបានតុលាការកំពូលសម្រេចឲ្យរួចផុតពីបទចោទប្រកាន់និងសម្រេចដោះលែងលោកស្រីឲ្យមានសេរីភាពវិញកាលពីដើមឆ្នាំ២០១៣កន្លងមក។
គេមិនទាន់ដឹងជាមុនថា តើស្ថាប័នតុលាការនឹងសម្រេចយ៉ាងណាទៅលើពាក្យបណ្តឹងរបស់លោកស្រី ទេព កុលាប ដែលប្តឹងប្រឆាំងនឹងឯកឧត្តមឧកញ៉ា កុក អាន នោះទេ ។
មជ្ឃដ្ឋានអ្នកច្បាប់ឯករាជ្យនិងអ្នកតាមដានសំណុំរឿងក្តីរបស់លោកស្រី ទេព កុលាប និងសំណុំរឿងក្តីរបស់លោកស្រីឧកញ៉ា ឈិន សុគន្ធារី ហៅយាយក្រពើ បានលើកឡើងថា សំណុំរឿងរបស់លោកស្រី ទេព កុលាប និឯកឧត្តមឧកញ៉ា កុក អាន គឺមានលក្ខណៈខុសគ្នាទៅនឹងរឿងក្តីរវាងយាយក្រពើនិងឯកឧត្តម កែប ជុតិមា ពីព្រោះយាយក្រពើមិនទាន់មានសេរីភាពត្រូវបានតុលាការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់នៅឡើយ ហើយបែរជាប្តឹងប្រឆាំងតបលើឯកឧត្តម កែប ជុតិមា រីឯលោកស្រី ទេព កុលាប ត្រូវបានតុលាការសម្រេចឲ្យរួចផុតពីបទចោទប្រកាន់ផ្តល់យុត្តិធម៌រួចហើយ ទើបប្តឹងបកប្រឆាំងមកលើឯកឧត្តមឧកញ៉ា កុក អាន វិញ។
រួមសេចក្តីមក ទោះបីមជ្ឃដ្ឋាននានាទទួលស្គាល់ថា ស្ថាប័នតុលាការកម្ពុជាមិនឯករាជ្យនិងពុករលួយក៏ដោយ ក៏មានអ្នករងគ្រោះមួយចំនួនចាប់ផ្តើមបញ្ចេញនូវសេចក្តី្កក្លាហានចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ហ៊ានប្តឹងប្រឆាំងទៅលើមន្ត្រីអ្នកមានអំណាចក្នុងគណបក្សប្រជាជនកម្ពុជាឲ្យមានសំណុំរឿងនៅស្ថាប័នតុលាការជាបណ្តើរៗនិងហូរហែហើយ៕