លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញធ្លាប់បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មាននានាថា កងកម្លាំងរបស់លោកដែលធ្វើសកម្មភាពបង្ក្រាបបាតុកម្មកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៣ ដឹកនាំដោយគណបក្សសង្គ្រោះជាតិកន្លងមក មិនមែនបង្ក្រាបបាតុកម្មទេ គឺទប់ស្កាត់បាតុកម្មហើយក៏មិនមានប្រើអាវុធបង្ក្រាបឡើយ មានតែដំបងនិងខែលប៉ុណ្ណោះ។
តបទៅនឹងប្រសាសន៍អះអាងរបស់លោកឧត្តមសេនីយ៍ប៉ូលិស ជួន សុវណ្ណ វិញ ប្រិយមិត្តអ្នកលេង Facebook បានបង្ហាញនូវរូបភាពជាព័ស្តុតាងមួយ គឺកងកម្លាំងសមត្ថកិច្ចប៉ូលិសបានសៀតកាំភ្លើងខ្លីនៅនឹងចង្កេះក្នុងសកម្មភាពទប់ស្កាត់«ត្រៀមបង្រា្កប»ព្រះសង្ឃជាច្រើនអង្គដែលនិមន្តទៅបួងសួងនៅមុខព្រះបរមរាជវាំងនាពេលល្ងាចនេះទូលសុំព្រះមហាក្សត្រព្រះតម្រិះពន្យារពេលបើកកិច្ចប្រជុំរដ្ឋសភានីតិកាលទី៥លើកដំបូងនៅថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ។ ប៉ុន្តែគោលបំណងរបស់ព្រះសង្ឃទាំងនោះមិនបានសម្រេចទេ គឺបានត្រឹមសមាធិបួងសួងនៅលើផ្លូវក្បែរព្រះបរមរាជវាំងទល់មុខសាលសន្និសីទចតុមុខប៉ុណ្ណោះពីព្រោះត្រូវបានរារាំងយ៉ាងចាស់ដៃពីសមត្ថកិច្ចប៉ូលិស។
នៅក្នុងឯកសណ្ឋានប្រយុទ្ធនិងបំពាក់ដោយកាំភ្លើងខ្លីមានគ្រាប់ពេញបង់របស់កងកម្លាំងប៉ូលិសត្រៀមទប់ទល់ជាមួយព្រះសង្ឃនិងមហាជនដែលមានគម្រោងនិមន្តនិងទៅជួបជុំបួងសួងនៅមុខព្រះបរមរាជវាំងនាពេលល្ងាចនេះ ត្រូវបានអ្នកលេង Facebook សរសេរជាអក្សររបៀបចោទជាសំណួរនៅលើរូបថតប៉ូលិសម្នាក់ថា«ចាំបាច់បំពាក់អាវុធធ្វើអី»។
នេះ គឺជាព័ស្តុតាងមួយដែលសបញ្ជាក់ឲ្យឃើញថា ការអះអាងរបស់លោកឧត្តមសេនីយ៍ឯកប៉ូលិស ជួន សុវណ្ណ ដែលថាកម្លាំងសមត្ថកិច្ចរបស់លោកមិនប្រើអាវុធក្នុងការបង្ក្រាបបាតុកម្មនោះ ជាការមិនពិត ហើយក៏ត្រូវបានទទួលការរិះគន់និងពាក្យ«ផ្លែផ្កា» ពីអ្នកលេង Facebook ភ្លាមៗយ៉ាងទាន់ចិត្តតែម្តង៕