ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

ការពន្យារពេល​ប្រជុំ​សភា​ដំបូង​អាច​រក្សា​តម្លៃ​កិត្តិ​ស័ព្ទ​រដ្ឋសភា​និង​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​ខាង​នយោបាយ​

​អនុលោម​តាម​មាត្រា​៨២​ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ដែល​បាន​ចែងថា​«​រដ្ឋសភា​បើក​សម័យប្រជុំ​ដំបូង​៦០​ថ្ងៃ​យ៉ាងយូរ​ក្រោយពេល​បោះឆ្នោត​តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ​»​ទាំង​ព្រះមហាក្សត្រ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​អ្នកតំណាងរាស្ត្រ​ទើប​ជាប់ឆ្នោត​ថ្មី​ចំនួន​៦៨​រូបនោះ​បានសម្រេច​ព្រះទ័យ​និង​ប្តេជ្ញាចិត្ត​យាង​បើក​កិច្ចប្រជុំ​និង​ចូលរួម​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥​លើកដំបូង​នៅ​ថ្ងៃទី​២៣​ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខ ទោះបី​មាន​សំណើសុំ​ពន្យារពេល​កិច្ចប្រជុំ​មួយរយៈ​ពី​សំណាក់​អ្នកតំណាងរាស្ត្រ​ទើប​ជាប់ឆ្នោត​ថ្មី​ចំនួន​៥៥​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​។​

សំណើសុំ​ពន្យារពេល​កិច្ចប្រជុំ​រដ្ឋសភា​លើកដំបូង​មួយរយៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មិនមាន​បំណង​រុញច្រាន​ឲ្យ​កិច្ចប្រជុំសភា​ជាប់គាំង​ឬ​ឲ្យ​មាន​វិបត្តិ​នយោបាយ​នោះទេ គឺ​គ្រាន់តែ​ឲ្យ​មានឱកាស​គ្រប់គ្រាន់​ក្នុងការ​ពិភាក្សា​ចរចា​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​បញ្ហា​ប្រទេសជាតិ​ប៉ុណ្ណោះ​។​ដោយឡែក អង្គការ​សង្គម​ស៊ីវិល​ចំនួន​មិនតិចជាង​៤០​ក៏បាន​ស្នើសុំ​ឲ្យ​មានការ​ពន្យារពេល​កិច្ចប្រជុំសភា​លើកដំបូង​នេះដែរ​។​

តាម​គោលការណ៍​ច្បាប់ មុន​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​បន្ទាប់ពី​ប្រជុំ​ដំបូង រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដាច់ដោយឡែក​ពីគ្នា​នូវ​ប្រធាន អនុប្រធានរដ្ឋសភា​និង​សមាជិក​ទាំង​អស់នៃ​គណៈកម្មការ​នានារបស់​រដ្ឋសភា​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។​រដ្ឋសភា​ត្រូវអនុម័ត​បទបញ្ជាផ្ទៃក្នុង​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។​ដូច្នេះ​គេ​ចោទ​ជា​សំណួរ​ថា តើ​ការរៀបចំ​ក្បាលម៉ាស៊ីនរ​ដ្ឋ​សភា​បែបណា បើ​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ខុសគ្នា​ត្រឹម​ចំនួន​១៣​រូប​មិនទាន់​ជជែក​ត្រូវ​គ្នា​នៅឡើយ​នោះ​?​តើ​ចាំបាច់​ប្រញាប់​រួត​រះ​ប្រជុំ​រដ្ឋសភា​លើកដំបូង​ក្នុងស្ថានភាព​ប្រទាំង​ប្រទើស​ធ្វើ​អ្វី​?

គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់បាន​ប្រកាស​និង​បាន​ស្នើសុំ​ជាច្រើនលើក​ច្រើនសា​រួចមកហើយ​នូវ​អ្វី​ដែលថា ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​តាមរយៈ​ការបង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យស៊ើប​អង្កេ​ត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា គណបក្ស​ឈ្នះឆ្នោត ឈ្នះ​ដោយ​ថ្លៃថ្នូរ​កុំ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​និង​គណបក្ស​ចាញ់ឆ្នោត ចាញ់​ដោយ​អស់ចិត្ត​កុំ​មានការ​ឡាំប៉ា ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ទាល់តែសោះ​មកទល់​បច្ចុប្បន្ន​។​

លើសពីនេះ គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់បាន​ប្រកាសថា អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ចំនួន​៥៥​រូប​នឹងមិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៣​ខែកញ្ញា ឆ្នាំ​២០១៣​ខាងមុខ​នោះទេ ប្រសិនបើ​សំណើ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​មិនត្រូវ​បាន​ដោះស្រាយ​។ ដូច្នេះ​តើ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ឲ្យ​មានការ​បើក​កិច្ចប្រជុំ​រដ្ឋសភា​លើកដំបូង​ដែលមាន​សមាជិក​ត្រឹមតែ​ចំនួន​៦៨​រូប​ក្នុងចំណោម​១២៣​រូប​ដែរឬទេ​?​តើ​មាន​ទេ​កិត្តិយស​និង​កិត្តិ​ស័​ពុ្ទ​របស់​រដ្ឋសភា​នីតិកាល​ទី​៥?​តើ​ឯណា​ទៅ​ពាក្យ​ថា  បង្រួបបង្រួម ផ្សះផ្សា​ជាតិ​ក្នុង​មហា​គ្រួសារ​ខ្មែរ​?

ម្យ៉ាងទៀត មិន​ត្រឹមតែ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើកដំបូង​នោះទេ គណបក្ស​សង្គ្រោះ​ជាតិ​ថែមទាំង​បានប្រកាស​គំរាមថា នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សាជាថ្មី​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។ ដូច្នេះ តើ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​មហា​បាតុកម្ម​តទៅទៀត​ឬ​យ៉ាងណា​?​ចុះ​ហេតុអ្វី​មិន​ស្វែងរក​ដំណោះស្រាយ​ជា​កណ្តាល​មួយ​ដើម្បី​ភាព​សុខដុម​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​ផង​និង​ដើម្បី​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ដែល​ស្រេកឃ្លាន​ចង់បាន​យុត្តិធម៌​ផង​?

ម​ជ្ឃ​ដ្ឋា​ន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើកឡើងថា ក្នុងន័យ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ​ដែល​អ្នកនយោបាយ​ខ្មែរ​ចូលចិត្ត​ប្រើ ភាព​សុខដុម​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត គឺ​ការពន្យារពេល​កិច្ចប្រជុំសភា​លើកដំបូង​មួយរយៈ​គួរ​ត្រូវតែ​ពិចារណា​ដើម្បី​រក្សា​តម្លៃ​កិត្តិ​ស័ព្ទ​របស់​រដ្ឋសភា​នីតិកាល​ទី​៥​និង​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​ខាង​នយោបាយ​នៅ​កម្ពុជា​ដែល​កើតមានឡើង​នៅក្រោយពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​៕​

1879039c

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.