ព្រះសង្ឃចំនួនប្រមាណ២០០អង្គនិងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតគ្រោងនឹងជួបជុំគ្នានៅមុខព្រះបរមរាជវាំងដើម្បីស្នើសុំព្រះមហាក្សត្រទ្រង់ព្រះតម្រិះឡើងវិញអំពីការកោះប្រជុំរដ្ឋសភានីតិកាលទី៥លើកដំបូងថ្ងៃទី២៣ខែ កញ្ញា ឆ្នាំ២០១៣ខាងមុខ។
ការជួបជុំនឹងប្រព្រឹត្តទៅនាវេលាម៉ោង១៦ល្ងាចនៅថ្ងៃទី១៩ខែ កញ្ញា ឆ្នាំ២០១៣នេះ បើតាមការប្រកាសជូនដំណឹងរបស់ Page ដ៏ល្បីមួយក្នុងបណ្តាញសង្គម Facebook ឈ្មោះ I Love Cambodia Hot News II កាលពីកន្លះម៉ោងមុនហើយត្រូវបានបង្ហោះពេញ Facebook។
ដំណើរការជួបជុំគ្នានេះ ក្រៅពីស្នើសុំអង្គព្រះមហាក្សត្រព្រះតម្រិះឡើងវិញទាក់ទងនឹងការកោះប្រជុំរដ្ឋសភានីតិកាលទី៥លើកដំបូងនៅថ្ងៃទី២៣ខែ កញ្ញា ឆ្នាំ២០១៣ខាងមុខនោះ ក៏មានបំណងដាក់សម្ពាធទៅលើអ្នកតំណាងរាស្ត្រដែលទើបជាប់ឆ្នោតថ្មីៗមិនឲ្យចូលរួមប្រជុំរដ្ឋសភាផងដែរ។
គួររម្លឹកជូនដែរថា អ្នកតំណាងរាស្ត្រទើបជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិចំនួន៥៥រូប កាលពីថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៣កន្លងមកធ្លាប់បានទូលស្នើសុំព្រះមហាក្សត្រពន្យារពេលកិច្ចប្រជុំរដ្ឋសភាលើកដំបូងដែលគ្រោងធ្វើនៅថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣ខាងមុខមួយរយៈ ដើម្បីទុកឳកាសឲ្យគណបក្សសង្គ្រោះជាតិនឹងគណបក្សប្រជាជនកម្ពុជាបានជួបពិភាក្សាចរចាគ្នាដោះស្រាយបញ្ហាប្រទេសជាតិមួយចំនួន ប៉ុន្តែត្រូវបានច្រានចោលដោយអង្គព្រះមហាក្សត្រតាមព្រះរាជាសារចុះថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៣ ហើយព្រះមហាក្សត្រទ្រង់បានសម្រេចព្រះទ័យនឹងយាងទៅបើកកិច្ចប្រជុំរដ្ឋសភាលើកដំបូងតាមកាលវេលាកំណត់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៣ខាងមុខដដែល៕