លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុបា្ផ បានធ្វើការអំពាវនាវសាជាថ្មីកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងមកថ្មីៗនេះ ស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជា និងអន្តរជាតិមេត្តាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុបា្ផ ទុកជាការជួយសង្គ្រោះដល់កុមារកម្ពុជារាប់រយនាក់ក្នុងមួយថ្ងៃៗ ឲ្យបានជាសះស្បើយពីជំងឺ ដោយលោកវេជ្ជបណ្ឌិតបានប្រាប់ឲ្យដឹងថា ក្នុងមួយថ្ងៃៗមន្ទីរពេទ្យដែលព្យាបាលកុមារកម្ពុជាដោយមិនគិតថ្លៃនេះ ត្រូវចំណាយអស់ប្រមាណ១២ម៉ឺនដុល្លារអាមេរិក ។
បន្ទាប់ពីទទួលបាននូវព័ត៌មាននៃការអំពាវនាវរបស់លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យគន្ធបុបា្ផនេះរួចមក Page ដ៏ល្បីមួយនៅក្នុងបណ្តាញសង្គម Facebook ឈ្មោះ I Love Cambodia Hot News II ដែលមានសមាជិកគាំទ្រចំនួន១៣១.៨១១នាក់ បានប្រកាសប្រកួតប្រជែងជាមួយវិទ្យុ ABC FM107.5MHz របស់អាចារ្យអេ ក្នុងការស្នើសុំជំនួយពីសប្បុរសជនជួយដល់មន្ទីរពេទ្យ គន្ធបុបា្ផ ។
Admin របស់ Page ឈ្មោះ I Love Cambodia Hot News II ដែលជាស្ត្រីរូបស្រស់ម្នាក់ បានអះអាងថា ទោះបីជានាងគ្មានវិទ្យុផ្សាយ និងដឹងថា អាចចាញ់វិទ្យុ ABC របស់អាចារ្យអេក៏ដោយ ក៏នាងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការកៀរគរជំនួយពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបានថវិកាជួយដល់មន្ទីរពេទ្យគន្ធបុបា្ផ ក្នុងឧត្តមប្រយោជន៍សង្គ្រោះអាយុជីវិតកុមារកម្ពុជា ។
សូមបញ្ជាក់ជូនថា វិទ្យុ ABC FM107.5MHz របស់អាចារ្យអេដែលមាននិន្នាការនយោបាយលម្អៀងទៅខាងគណបក្សនយោបាយកាន់អំណាចនោះ មានគេហទំព័ររបស់ខ្លួនមួយឈ្មោះ abcnonstop.net ដែលមានសមាជិកគាំទ្រ Fan Page នៅក្នុងបណ្តាញសង្គម Facebook ចំនួន៧០.៦៥១នាក់ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ការប្តេជ្ញាចិត្តរបស់ម្ចាស់ Page នៅក្នុងបណ្តាញសង្គម Facebook ឈ្មោះ I Love Cambodia Hot News II ដោយធ្វើការប្រកួតប្រជែងគ្នាជាមួយវិទ្យុ ABC ដើម្បីកៀរគរជំនួយពីសប្បុរសជនជួយដល់មន្ទីរពេទ្យគន្ធបុបា្ផ ក្នុងន័យជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជាបែបនេះ គឺជាកាយវិការដ៏ល្អប្រពៃ និងគួរឲ្យកោតសរសើរបំផុត ៕