ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

រឿង​មហា​អយុត្តិធម៌​៖ ក្មួយប្រុស​ពីរ​នាក់ របស់​ឯកឧត្តម​ឧកញ៉ា លី យូ​គៀត ទីប្រឹក្សា​សម្តេច ហេង សំរិន វាយដំ​បុរស​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ តែ​ប៉ូលិស​ដោះលែង​ឲ្យ​រួចខ្លួន​

​ប្រភពព័ត៌មាន​ពី​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ឈ្មោះ វ៉ាន់ វួ​ច​ឆាយ អាយុ​៣០​ឆ្នាំ និង​ឈ្មោះ វ៉ាន់ វួ​ច​ស្រេង អាយុ​២៥​ឆ្នាំ ត្រូវជា​ក្មួយប្រុស​របស់​ឯកឧត្តម​ឧកញ៉ា លី យូ​គៀត ថៅកែ​កាស៊ីណូ​៩៩៩ និង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នីតិកាល​ទី​៤ បាននាំគ្នា​ព្រួត​វាយដំ​យ៉ាង​កំរោល​ទៅលើ​បុរស​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ កាលពី​រាត្រី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងមក​។​

​បុរស​ជា​ជនរងគ្រោះ​ដែល​ត្រូវ​ក្មួយប្រុស​ចំនួន​២​នាក់​របស់​ឯកឧត្តម​ឧកញ៉ា លី យូ​គៀត ព្រួត​វាយដំ​ឲ្យ​រង​បួស​ធ្ងន់​ត្រង់​ក្បាល បែក​មាត់ និង​រងរបួស​ដងខ្លួន​នោះ​មានឈ្មោះ ញ៉ា​ញ់ សំណាង អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​សៀង​ហៃ​។ ក្រោយ​ហេតុការណ៍​ហិង្សា​នេះ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​ព្យ​បាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ក្មួយប្រុស​ទាំងពីរ​នាក់​របស់​ឯកឧត្តម​ឧកញ៉ា លី យូ​គៀត បាន​យក​ដប​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ និង​បាន​វាយ​ទាត់​ធាក់​ទៅលើ​ជនរងគ្រោះ​ថែមទៀត​នៅ​ទល់មុខ​កាស៊ីណូ​៩៩៩ របស់​ឯកឧត្តម​ឧកញ៉ា លី យូ​គៀត ឋិត​នៅ​ច្រកទ្វារ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​

​ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​បង្ហាញ​អំពី​អំពើ​អយុត្តិធម៌​នៅក្នុង​សាច់រឿង​នេះ​គឺ​ជនដៃដល់​ទាំងពីរ​នាក់​ត្រូវជា​ក្មួយប្រុស​របស់​ឯកឧត្តម​ឧកញ៉ា លី យូ​គៀត ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តស្វាយរៀង ឃា​ត្ខ់​ខ្លួន​បាន​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ​ក៏ត្រូវ​បាន​ដោះលែង​វិញ ដោយមាន​ការចេញមុខ​ធានា​ពី​ឯកឧត្តម​ឧកញ៉ា លី យូ​គៀត​។​

​លោក​ឧកញ៉ា លី យូ​គៀត ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​កាស៊ីណូ​៩៩៩ នៅ​ខេត្តស្វាយរៀង​នោះ​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នីតិកាល​ទី​៤ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១២/១០១៣ ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១២ ទើប​ទទួលបាន​ងារ​ជា​ឯកឧត្តម​ទល់​សព្វថ្ងៃ​៕​

lyyoukeat1

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.