ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

សែ​រាជវង្ស​ត្រូវបាន​បញ្ចប់​មុខតំណែង​ជា​តំណាងរាស្ត្រ​ចំនួន​ពីរ​អាណត្តិ​ជាប់ៗ​គ្នា​

​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ចំនួន​១២៣​រូប​«​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​និង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​»​តាម​ការប្រកាស​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​«​គ​.​ជ​.​ប​» គឺ​មិនមាន​ព្រះនាម​សែ​រាជវង្សានុវង្ស​មួយអង្គ​ណា​ឡើយ ទោះបី​មាន​សែ​រាជវង្ស​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​ក្តី​។​

​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៣ មាន​សែ​រាជវង្ស​មួយចំនួន​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ដូចជា សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណ រស្មី​«​មណ្ឌល​ខេត្តកំពង់ចាម គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​» ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សេរីរ​ត្ន័​«​មណ្ឌល​រាជធានី​ភ្នំពេញ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​» ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​«​មណ្ឌល​ខេត្ត​ព្រះសីហនុ គណបក្ស​សង្គ្រោះ​ជាតិ​»​ប៉ុន្តែ​សែ​រាជវង្ស​ទាំងនេះ​មិន​ទទួលបាន​ការជាប់ឆ្នោត​ទេ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៣ រាជវង្សានុវង្ស​មួយចំនួន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ដូចជា សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ «​មណ្ឌល​ខេត្តកំពង់ចាម​» សម្តេច នរោត្តម សិរីវុឌ្ឍ «​មណ្ឌល​ខេត្តកណ្តាល​» ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម រតនាទេវី​«​មណ្ឌល​ខេត្តក្រចេះ​» ព្រះអង្គម្ចាស់​ក្ស​ត្រី ស៊ីសុវត្ថិ សន្តា​«​មណ្ឌល​ខេត្តព្រៃវែង​» និង​សម្តេច នរោត្តម វជរ៉ា «​មណ្ឌល​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​មរណភាព​»​។​

​លុះ​មកដល់​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៤​និង​នីតិកាល​ទី​៥​នេះ សែ​រាជវង្ស​មិន​ទទួលបាន​ការជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​មួយអង្គ​ណា​ឡើយ​។​

​ទោះជា​យ៉ាងនេះ​ក្តី សែ​រាជវង្ស​ជាច្រើន​អង្គ​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ឯកអគ្គរាជទូត​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ ឯកអគ្គរាជទូត​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ទីប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ស​ម្តេច​ម៉ែ​-​សម្តេច​យាយ ទីប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ ជំនួយការ​អម​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រ ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​លេខាធិការ​ផ្ទាល់​សម្តេចម៉ែ​-​សម្តេច​យាយ​…​។​

​ដោយឡែក មាន​សែ​រាជវង្ស​មួយចំនួនទៀត​កំពុង​បម្រើ​ការងារ​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ដូចជា សម្តេច នរោត្តម សិរីវុឌ្ឍ​,​សម្តេចព្រះ​មហិស្សរា នរោត្តម ចក្រ​ព​ង្ស់ ៕​

tmk111

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.