កាលពីថ្ងៃទី១៧ខែ កញ្ញា ឆ្នាំ២០១៣ម្សិលមិញ Page ដ៏ធំមួយនៅក្នុងបណ្តាញសង្គម Facebook ឈ្មោះ I Love Cambodia Hot News ដែលមានសមាជិកគាំទ្រចំនួន234K«ជាង២៣ម៉ឺននាក់»បាន Post នូវអត្ថបទមួយក្នុងន័យជាសារពីប្រជាពលរដ្ឋម្ចាស់ឆ្នោតជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងមមាញឹកចរចាជាមួយគណបក្សប្រជាជនកម្ពុជាដូចខាងក្រោម៖
«សេចក្តីប្រកាសរួម៖យើងជាប្រជារាស្ត្រខ្មែរ សូមប្រកាសថា គោលបំណងធំនៃការធ្វើមហាបាតុកម្ម គឺដើម្បីទាមទាររកយុត្តិធម៌ចំពោះសន្លឹកឆ្នោតរបស់យើងតែប៉ុណ្ណោះតាមរយៈការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ហើយយើងនឹងមិនទទួលស្គាល់នូវយន្តការដោះស្រាយណាផ្សេងក្រៅពីនេះទេ។»។
គួររម្លឹកជូនថា កាលពីថ្ងៃទី១៦ខែ កញ្ញា ឆ្នាំ២០១៣ កន្លងមកថ្មីៗនេះ ក្នុងជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅវិមានរដ្ឋសភាជាតិ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយទាំងពីរ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងឯកឧត្តមសម រង្ស៊ី បានព្រមព្រៀងគ្នានឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះធ្វើឲ្យមជ្ឃដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិភ្ញាក់ផ្អើលផង ងឿងឆ្ងល់ផងនិងព្រួយបារម្ភផងព្រោះខ្លាចក្រែងគណបក្សសង្គ្រោះជាតិចរចាចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជា៕