នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជសារមួយច្បាប់ជូនឯកឧត្តម លោកជំទាវ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិទាំង៥៥រូប ទាក់ទងនឹងការបើកសម័យប្រជុំដំបូងនៃរដ្ឋភានីតិកាលទី៥។
ព្រះរាជសាររបស់ព្រះមហាក្សត្របានជម្រាបជូនឯកឧត្តម និងលោកជំទាវបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិទាំងអស់ថា «ខ្ញុំនឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដូចមានចែងក្នុងព្រះរាជសារអញ្ចើញប្រជុំចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣»។
ជាទីបញ្ចប់ខ្លឹមសារនៃព្រះរាជសាររបស់ព្រះមហាក្សត្រ គឺស្នើឯកឧត្តម និងលោកជំទាវបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិទាំង៥៥រូបមេត្តាអញ្ជើញចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា ដើម្បីបង្ហាញនូវការរួបរួម និងឯកភាពជាតិ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ កន្លងមកបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិទាំង៥៥រូប បានធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រស្នើសុំឲ្យមានការពន្យារពេលប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥៕