កិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានគណបក្ស និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្ស នៅវិមានរដ្ឋសភានាវេលាព្រឹកមិញ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិបានបញ្ចប់ដោយប្រើពេលវេលាអស់ចំនួន ៣ម៉ោង។
ថ្វីដ្បិតកិច្ចប្រជុំកំពូលនេះមិនបានចេញជាសេចក្តីប្រកាសរួមដូចកិច្ចប្រជុំកំពូលនាថ្ងៃម្សិលមិញក៏ដោយ ប៉ុន្តែនៅក្នុងកិច្ចប្រជុំកំពូលនេះមជ្ឈដ្ឋាននានាបូករួមទាំងអ្នកសារព័ត៌មានជាតិ – អន្តរជាតិផង បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងផលិតផលមួយចំនួនត្រូវបានយកមកប្រើប្រាស់នៅក្នុងកិច្ចប្រជុំ និងទទួលបានការផ្តោតអារម្មណ៍ពី «សម្តេចតេជោ សែន» គឺ ភេសជ្ជៈ Coca Cola និងទឹកបរិសុទ្ធ Vital ត្រូវបានយកមកទទួលគណៈប្រតិភូក្នុងកិច្ចប្រជុំ និងទូរស័ព្ទដៃស្មាតហ្វូនម៉ូដែល LG របស់បុគ្គលិកអ្នកយកព័ត៌មានវិទ្យុ VOD បានក្លាយជាទីចាប់អារម្មណ៍របស់ «សម្តេចតេជោ សែន» ដោយសម្តេចបានទទួលយកទូរស័ព្ទដៃម៉ូដែល LG នេះទៅពិនិត្យផ្អៀងផ្អងមើលទៀតផង។
មជ្ឈដ្ឋានអ្នកវិភាគផ្នែកពាណិជ្ជកម្មបានលើកឡើងថា ទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូនម៉ូដែល LG ភេសជ្ជៈ Coca Cola និងទឹកបរិសុទ្ធម៉ាក Vital ប្រាកដជានឹងមានស្ថានភាពល្អប្រសើរឲ្យតែមានឱកាសក្លាយជាទីចាប់អារម្មណ៍ និងក្លាយជាមុខសញ្ញាប្រើប្រាស់របស់ថ្នាក់ដឹកនាំប្រទេសនៅក្នុងកិច្ចប្រជុំសំខាន់ៗ ពីព្រោះវាហាក់ដូចជាការផ្សាយពាណិជ្ជកម្មឲ្យផលិតផលទាំងនោះដែរ៕