មហាបាតុកម្មដឹកននាំដោយគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដែលប្រព្រឹត្តទៅនៅទីលានប្រជាធិបតេយ្យដោយមានមនុស្សម្នាចូលរួមរាប់ម៉ឺននាក់នោះ បានបិទបញ្ចប់ជាស្ថាពរហើយ នៅវេលាម៉ោង១៦ និង៤៣ នាទី ក្រោមសំឡេងប្តេជ្ញាចិត្ត និងជូនពរពីសំណាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អមជាមួយនឹងស្នូរទះដៃអបអរយ៉ាងកងរំពង។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជូនទៅក្រុមបាតុករដែលបានមកចូលរួមក្នុងមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យមុនពេលលាគ្នានេះថា លទ្ធផលនៃការទាមទាររបស់គណបក្សនឹងជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានជ្រាបនៅពេលក្រោយ ហើយសង្ឃឹមថា បងប្អូននឹងចូលរួមជាមួយគណបក្សសង្គ្រោះជាតិរាល់កិច្ចការទាមទារបញ្ហាប្រទេសជាតិនៅពេលក្រោយៗទៀត ប្រសិនបើគណបក្សត្រូវការ ពីព្រោះមហាបាតុកម្មនៅពេលនេះ មិនមែនជាលើកចុងក្រោយនោះទេ។
មុនពេលលាគ្នាចុងក្រោយជាមួយក្រុមបាតុករ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានប្តេជ្ញាចិត្តថា នឹងអនុវត្តន៍ឲ្យខាងតែបាននូវកម្មវិធីនយោបាយរបស់គណបក្ស ដែលបានផ្សព្វផ្សាយក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាពេលកន្លងមក។
នៅទីបញ្ចប់នៃការបិទកម្មវិធីមហាបាតុកម្មនាពេលនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានជូនពរឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទាំងអស់បានជួបប្រទះតែនឹងសេចក្តីសុខ និងជោគជ័យគ្រប់ប្រការ ដើម្បីរង់ចាំនូវដំណឹងល្អពីគណបក្សសង្គ្រោះជាតិនៅពេលក្រោយ៕