ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

ដំណើរការ​កែទម្រង់​ស្ថាប័ន​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​កំពុង​ឋិត​នៅក្នុង​កណ្តាប់ដៃ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ពេលនេះ​ហើយ​

​ថ្វី​ដ្បិត​លទ្ធផល​នៃ​ការផ្លាស់ប្តូរ «​ដូរ ពី​លេខ ៤ ទៅ​លេខ ៧» របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​បានសម្រេច​ក៏ពិតមែន ប៉ុន្តែ​បាន​ឆ្លុះបញ្ចាំង​តាម​លទ្ធផល​ឆ្នោត​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន «៥៥​អាសនៈ​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ ប្រកាស​ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​-​គ​.​ជ​.​ប​» និង​ចលនា​នៃ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរលើក​កន្លងមកនេះ បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​កើនឡើង និង​មាន​ឆន្ទៈ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ​ប្រទេសជាតិ​តាមរបៀប​សព្វថ្ងៃនេះ​ចោល​។​

គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា អស់​រយៈពេល​ជាង​៣០​ឆ្នាំ រហូត​ធ្វើ​ឲ្យ​មន្ត្រី​ធំៗ​ក្នុង​គណបក្ស​នេះ ក្លាយជា​សេដ្ឋី​គ្រប់ៗ​គ្នា និង​ជា​គណបក្ស​ទើប​ទទួល​បានការ​ឈ្នះឆ្នោត​តាម​ការប្រកាស​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងមក​នោះ​បាននិងកំពុង​សង្ខុញ​ឲ្យ​មានការ​បើក​កិច្ចប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥​លើកដំបូង​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខ ខណៈដែល​អង្គ​ព្រះមហាក្សត្រ​ទ្រង់​ក៏បាន​ប្រទាន​លិខិតអញ្ជើញ​ចូលរួម​ប្រជុំ​រដ្ឋសភា​ទៅ​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ទាំង​១២៣​រូប រួចហើយ «​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៦៨​រូប និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​៥៥​រូប​» ។​

​ការកោះប្រជុំ​រដ្ឋសភា​លើកដំបូង​នៅ​ថ្ងៃទី​២៣ កញ្ញា ខាងមុខ​ដោយ​អង្គ​ព្រះមហាក្សត្រ​នោះ គឺ​កើតឡើង​ខណៈដែល​សំណើ​មួយចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ ជាពិសេស​ការបង្កើត​គ​ណៈ​កម្ម​ការ​ចម្រុះ​ឯករាជ្យ ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ការកែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយចំនួនទៀត​។ ដូច្នេះហើយ ទើប​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់បាន​ស្នើសុំ​ឲ្យ​មានការ​ពន្យារពេល​កិច្ចប្រជុំសភា​លើកដំបូង​មួយរយៈ​សិន ដើម្បី​ទុក​ឱកាស​គ្រប់គ្រាន់​ឲ្យ​គណបក្សនយោបាយ​ឈ្នះឆ្នោត​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥ ទាំងពីរ ជជែក​ពិភាក្សាគ្នា​លើ​ការកែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ​បាន​ល្អិតល្អន់ ព្រមទាំង​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ដោះស្រាយ​។​

ទាំង​ឯកឧត្តម សម រង្ស៊ី ជា​ប្រធាន​គណបក្ស ទាំង​ឯកឧត្តម កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​ធ្លាប់បាន​បញ្ជា​ក់នូវ​ជំហរ​យ៉ាងច្បាស់​លាស់​រួច​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ផ្លាស់ប្តូរ​ជំហរ​កាលពីមុន​របស់​ខ្លួន​នោះទេ គឺ​ត្រូវតែ​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត និង​ឲ្យ​មានការ​កែទម្រង់​ស្ថាប័ន​ជាតិ ហើយ​បើ​មិន​បានទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ចូលរួម​ប្រជុំ​រដ្ឋសភា​លើកដំបូង​ខាងមុខ​នោះឡើយ​។​

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើងថា ពាក្យ​ថា «​កែទម្រង់​» ស្រួល​និយាយ និង​ស្រួល​សរសេរ ប៉ុន្តែ​ការអនុវត្ត​វា​ពិបាក ពីព្រោះ​ពាក្យ​នេះ​ឋិត​នៅក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​ឥទ្ធិពល និង​ជា​នាយករដ្ឋមន្ត្រី​អស់​ជាច្រើន​អាណត្តិ​មកហើយ គឺ​ជាក់ស្តែង​មានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ រី​ការអនុវត្ត​សូន្យ​។ ដូច្នេះ ការកែទម្រង់​ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ​ត្រូវតែ​ឲ្យ​ក្លាយទៅជា​ការពិត​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព ហើយ​ប្រសិទ្ធភាព​នេះ​អាច​កើត​មានបាន​លុះត្រាតែ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ម្ចាស់​សំណើ​ក្តាប់​ស្ថានការណ៍​ឲ្យ​បាន និង​ឲ្យ​ជាប់​នៅក្នុង​ដៃ​កុំ​លែង​ឲ្យ​សោះ​។​

​ក្រុមអ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​បញ្ចេញ​ទស្សនៈ​ថា ការពន្យារពេល​កិច្ចប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥ លើកដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ង​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខ​មួយរយៈ គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ឲ្យ​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​មាន​ពេលវេលា​គ្រប់គ្រាន់​បាន​ពិភាក្សា​ចរចា​គ្នា​ល្អិតល្អន់​ផង និង​កុំ​ឲ្យ​ការប្រជុំ​រដ្ឋសភា​ដំបូង​ទាំងមូល​មានតែ​វត្តមាន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៨​រូបនោះ ជាហេតុ​នាំ​ឲ្យ​មិន​ល្អមើល «​ករណី​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​មិន​ចូលរួម​ប្រជុំ​»​។​

​រួម​សេចក្តី​មក ដំណើរការ​កែទម្រង់​ស្ថាប័ន​ជាតិ ទាំង​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌ ទាំង​ប្រព័ន្ធ​ការបោះឆ្នោត ទាំង​ប្រព័ន្ធ​ការគ្រប់គ្រង​រដ្ឋ ទាំង​ប្រព័ន្ធ​សន្តិសុខ​ជាតិ​… ។​ល​។ ឲ្យ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ គឺ​កំពុង​ឋិត​នៅក្នុង​កណ្តាប់ដៃ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នាពេល​នេះហើយៗ​សូម​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​អស់សង្ឃឹម​ឲ្យ​សោះ​៕​

7776978783_o

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.