បុរសម្នាក់បានចេញមុខអះអាងកាលពីរាត្រីម្សិលមិញ ខណៈដែលគាត់មានបំណងមកចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យថា មានទាហានវៀតណាមបង្កប់ខ្លួននៅក្នុងជួរទាហានខ្មែរ។
បុរសដែលចេញមុខអះអាងដូចខាងលើនេះបានរៀបរាប់ថា ខ្លួនគាត់បានរួមដំណើរជាមួយទាហានវៀតណាមដែលបង្កប់ខ្លួនក្នុងជួរទាហានខ្មែរតាមរថយន្តកងយោធពលខេមរភូមិន្ទពីខេត្តព្រះវិហារឆ្ពោះមករាជធានីភ្នំពេញ។
ដោយឡែក នៅវេលាព្រឹកមិញនេះកងកម្លាំងសន្តិសុខរបស់គណបក្សសង្គ្រោះជាតិដែលប្រចាំការនៅទីលានប្រជាធិបតេយ្យក៏បានបណ្តាញបុរសម្នាក់ដែលគេអះអាងថាជាជនជាតិវៀតណាមចេញពីទីលានប្រជាធិបតេយ្យនៅពេលដែលបុរសនេះបានបង្ហាញវត្តមាននៅកន្លែងប្រារព្ធមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
ជុំវិញព័ត៌មាននៃការអះអាងរបស់បុរសដែលថា មានទាហានវៀតណាមបង្កប់នៅក្នុងជួរទាហានខ្មែរនោះមិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ថាពិតឬមិនពិតនិងមូលហេតុអ្វីនៅឡើយទេ ខណៈដែលវីដេអូឃ្លីប«Video Clip» ទាក់ទងនឹងបុរសដែលចេញមុខអះអាងរូបនេះត្រូវបានគេបង្ហោះពេញបណ្តាញសង្គម Facebook ៕