ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

កំហុសឆ្គង​ជា​ប្រវត្តិសាស្ត្រ​របស់​គ​.​ជ​.​ប​ដែល​រកឃើញ​ដោយ​គណបក្សប្រឆាំង​ត្រូវ​ឆាចោល​នៅ​អាណត្តិ​នេះ​

​ដោ​យសារ​មិន​ទុកចិត្ត​ទៅនឹង​ការងារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​«​គ​.​ជ​.​ប​»​ និង​ក្រុមប្រឹក្សាធម្មនុញ្ញ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើសុំ​ទាមទារ​យ៉ាងទទូច​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ថ្ងៃទី​២៨​ខែ កក្កដា ឆ្នាំ​២០១៣ ចាប់តាំងពី​មុនពេល គ​.​ជ​.​ប​ ប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៣​មកម្ល៉េះ​។​

ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ស្នើសុំ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នេះ​ត្រូវ​ទទួលរង​បរាជ័យ​ជាប់​រហូតមកដល់​ថ្ងៃ គ​.​ជ​.​ប​ប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន​និង​បន្ត​មកដល់​ថ្ងៃ​គណបក្ស​សម រង្ស៊ី ធ្វើ​មហា​បាតុកម្ម​លើក​ទី​១«​ថ្ងៃទី​០៧​កញ្ញា​»​ក៏ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខ្ចី​ខ្វល់​ដោះស្រាយ​ដែរ ជាហេតុ​នាំ​ឲ្យ ​គ​.​ជ​.​ប​ ធ្វើការ​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​នៅ​ថ្ងៃទី​០៨​ខែកញ្ញា​ឆ្នាំ​២០១៣​យ៉ាង​រលូន​។​

ឮ​ក្រោយមកទៀត​នៅ​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រកឃើញ​និង​ចងក្រង​កំហុសឆ្គង​របស់​គ​.​ជ​.​ប​ចំនួន​៤​ចំណុច​ធំៗ​ពាក់ព័ន្ធ​នឹង​រឿង​ព្រហ្មទណ្ឌ រួចហើយ​ដាក់ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​អយ្យា​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ប្តឹង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​គ​.​ជ​.​ប​ពីបទ​ក្លែងបន្លំ​ឯកសារ​ស​សាធារណៈ​និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​ចា​អកុសល បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​មិន​ត្រូវបាន​ស្ថាប័ន​តុលា​ការលើក​យកមក​ចាត់​ការ​ទេ ដោយ​អះអាងថា មិនមែនជា​សមត្ថកិច្ច​«Sic!»​។​

ក្រោម​សម្ពាធ​នៃ​មហា​បាតុកម្ម​ថ្ងៃទី​១៥​ខែកញ្ញា របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ឈ្នះឆ្នោត​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំងពីរ គី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បើក​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៣​ដោយ​បានចេញ​សេចក្តីប្រកាស​រួមមួយ​មាន​៣​ចំណុច ដែរ​ចំណុច​ទី​២​បាន​ចែងថា​«​ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា​នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ​។​»​។​

ម​ជ្ឃ​ដ្ឋា​ន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា ការកែទម្រង់​ការបោះឆ្នោត​គឺពាក់ព័ន្ធ​យ៉ាងសំខាន់​ទៅនឹង​ការកែទម្រង់​ច្បាប់​ស្តីពី​ការបោះឆ្នោត​និង​ការកែទម្រង់​ស្ថាប័ន​គ​.​ជ​.​ប​ជាពិសេស​។​ប៉ុន្តែ បើ​អនុលោម​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​បានសម្រេច​តម្កល​សេចក្តីសម្រេច​របស់​គ​.​ជ​.​ប​ទាក់ទង​នឹង​លទ្ធផល​ឆ្នោត សេចក្តីសម្រេច​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ​របស់​គ​.​ជ​.​ប ការសម្រេច​មិន​ចាត់ការ​របស់​ស្ថាប័ន​តុលាការ​លើ​ពាក្យបណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​ថ្នាក់ដឹកនាំ​គ​.​ជ​.​ប​ពីបទ​ព្រហ្មទណ្ឌ និង​តាម​ស្មារតី​នៃ​សេចក្តីប្រកាស​រួម​នៃ​ជំនួប​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ថ្ងៃទី​១៦​ខែកញ្ញា ឆ្នាំ​២០១៣​ត្រង់ចំណុច​ទី​២ គឺ​មានន័យថា លទ្ធផល​ឆ្នោត​របស់​គណបក្សនយោបាយ​ទាំងពីរ​ដែល​ទទួលបាន​តាមរយៈ​ការប្រកាស​ដោ​យគ​.​ជ​.​ប​គ្មានអ្វី​ប្រែប្រួល​ទេ ហើយ​កំហុសឆ្គង​ឬ​ភាព​អសកម្ម​ទាំងឡាយ​របស់​គ​.​ជ​.​ប​ដែល​កើតមានឡើង​នៅក្នុង​អាណត្តិ​ទី​៥​នេះ​នឹងត្រូវ​ធ្វើការ​កែទម្រង់​សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត​នាពេលខាងមុខ​។​

សរុបសេចក្តី​មក កំហុសឆ្គង​ទាំងឡាយ​ជា​ប្រវត្តិសាស្ត្រ​របស់​គ​.​ជ​.​ប​ដែល​រកឃើញ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដែល​ត្រូវ​អ្នកលេង Facebook រិះគន់​សឹង​ជាប្រចាំ​នោះ នឹងត្រូវ​ឆាចោល​ទាំងអស់​នៅ​អាណត្តិ​នេះ​ដោយ​រង់ចាំ​ធ្វើការ​កែលម្អ​បន្តទៀត​សម្រាប់​ការបោះឆ្នោត​លើក​ក្រោយ ដូចជា​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១៧​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ជាដើម​៕​

Im_Soursdeyឯកឧត្តម អ៊ឹម សួស្តី

Tep-Nithaរូបភាពរចនាដោយអ្នកលេង Facebook

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.