តាំងពីដើមទីរៀងមក គណបក្សសង្គ្រោះជាតិបានទទូចទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ដើម្បីបញ្ជាក់ឲ្យឃើញថា គណបក្សឈ្នះឆ្នោត ឈ្នះដោយថ្លៃថ្នូរនិងគណបក្សចាញ់ឆ្នោត ចាញ់ដោយអស់ចិត្តនិងដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ខណៈដែលប្រជាពលរដ្ឋភាគច្រើនសង្ស័យថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត«គ.ជ.ប»លួចបន្លំសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានការឈ្នះឆ្នោតកាន់កាប់អំណាចតទៅទៀត។
ការទាមទារបែបនេះរបស់គណបក្សសង្គ្រោះជាតិ ទទួលបានការគាំទ្រយ៉ាងពេញទំហិងពីមជ្ឃដ្ឋានប្រជាពលរដ្ឋម្ចាស់ឆ្នោត ទើបពួកគេទាំងនោះសម្រេចចិត្តចូលរួមក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិយ៉ាងច្រើនកុះករសម្តែងអំពីឆន្ទៈរបស់ខ្លួនយ៉ាងមោះមុតបំផុត។
ប៉ុន្តែ នៅក្នុងកិច្ចប្រជុំកំពូលនាវេលាព្រឹកមិញនេះរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅវិមានរដ្ឋសភាជាតិអស់រយៈពេលជិត៥ម៉ោង គណបក្សនយោបាយទាំងពីរបានចុះហត្ថលេខានៅលើសេចក្តីប្រកាសរួមមួយត្រង់ចំណុចទី២ព្រមព្រៀង«នឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ»។
ខ្លឹមសារនៃចំណុចទី២របស់សេចក្តីប្រកាសរួមនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលចែងថា«ភាគីទាំងពីរព្រមព្រៀងគ្នានឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។»ធ្វើឲ្យមជ្ឃដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមានការងឿងឆ្ងល់ថា តើនាពេលខាងមុខមានន័យយ៉ាងដូចម្តេចឬមានន័យថាសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧និងឆ្នាំ២០១៨ខាងមុខឬ?លើសពីនេះពួកគេបានលើកឡើងទៀតថា អ្វីដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតចង់បាន គឺការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីចង់ដឹងជាក់ស្តែងតើគ.ជ.បមានលួចបន្លំសន្លឹកឆ្នោតដែរឬទេ ប៉ុន្តែបើគណបក្សសង្គ្រោះជាតិឯកភាពគ្នាជាមួយគណបក្សប្រជាជនកម្ពុជានឹងបង្កើតយន្តការមួយកែទម្រង់ការបោះឆ្នោតឬកែ គ.ជ.បនាពេលខាងមុខនោះ មិនបាច់ធ្វើបាតុកម្មហើយនាំគ្នាដេកនៅផ្ទះក៏បានដែរ។អ្នកគាំទ្រខ្លះទៀតបានលាន់មាត់ថា ការចរចារបស់គណបក្សសង្គ្រោះជាតិនាពេលព្រឹកមិញនេះចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជា។
ដូច្នេះ មជ្ឃដ្ឋានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិស្នើសុំឲ្យមានការពន្យល់បញ្ជាក់ឲ្យបានច្បាស់លាស់នូវខ្លឹមសារចំណុចទី២របស់សេចក្តីប្រកាសរួមនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៣ ដែលថា«ភាគីទាំងពីរព្រមព្រៀងគ្នានឹងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ»ដើម្បីកុំឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានការសង្ស័យទៅលើគណបក្សនយោបាយដែលគាត់ពេញចិត្តនិងបោះឆ្នោតជូននាពេលកន្លងមក៕