ក្រៅពីហេតុការណ៍ប្លែកៗជាច្រើនកើតឡើងក្នុងពេលធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃម្សិលមិញនេះ ក៏មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនិងងឿងឆ្ងល់មួយបានកើតឡើងដែរ គឺឯកឧត្តម ផៃ ស៊ីផាន និងលោកបណ្ឌិត ឈឹម ផលវរុណ ត្រូវបានក្រុមបាតុកនិងអ្នកលេងFacebookធ្វើការរិះគន់និងជេរប្រទេចបំបាក់មុខមាត់យ៉ាងខ្លាំងសឹងនឹកស្មានមិនដល់។
ក្នុងសម្លៀកបំពាក់ខោខ្លី អាវយឺត ប្រដាប់ដោយម៉ាស៊ីនថតពាក់ជាប់នឹងក ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញវត្តមាននៅទីលានប្រជាធិបតេយ្យដែលជាទីកន្លែងក្រុមបាតុកររាប់ម៉ឺននាក់ជួបជុំគ្នាធ្វើមហាបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិ។គេមិនដឹងអំពីមូលហេតុពិតប្រាកដដែលឯកឧត្តម ផៃ ស៊ីផាន ស្ពាយម៉ាស៊ីនថតជាប់ខ្លួនបង្ហាញវត្តមាននៅទីលានប្រជាធិបតេយ្យនោះទេ ប៉ុន្តែមានរឿងអកុសលសម្រាប់ឯកឧត្តម ផៃ ស៊ីផាន គឺត្រូវបានក្រុមមហាជនចោទសួរសំណួរជាច្រើនពាក់ព័ន្ធនឹងខ្លួនផ្ទាល់ឯកឧត្តម រហូតដល់ថ្នាក់ឯកឧត្តមសារភាពសុំចុះចាញ់និងលើសពីនេះមហាជនបានបណ្តេញរូបឯកឧត្តមចេញពីទីលានប្រជាធិបតេយ្យទៀតផង។
ទោះយ៉ាងណា ឯកឧត្តម ផៃ ស៊ីផាន បាន Post អត្ថបទមួយនៅក្នុង Time Line របស់ឯកឧត្តមក្នុងបណ្តាញសង្គម Facebook ថា«ខ្ញុំគ្មានអ្វីក្រៅពី Camera ថតនិងព័ត៌មានដែលស្វែងរកប៉ុណ្ណោះ។ខ្ញុំពុំបានអ្នកណាម្នាក់បណ្តេញខ្ញុំឡើយ»។
ដោយឡែក លោកបណ្ឌិត ឈឹម ផលវរុណ ដែលគេស្គាល់ថាជាបណ្ឌិតគ្រប់ម៉ាត់ណាក៏រិះគន់លើឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកវិភាគព័ត៌មាននៅស្ថានីយ៍ទូរស្សន៍បាយ័នត្រូវជាដៃគូដៃកង់ជាមួយលោកឧត្តមសេនីយ៍ សត្យា រក្ស នោះត្រូវបានក្រុមបាតុករជេរប្រទេចយ៉ាងចាស់ដៃ ខណៈដែលក្រុមបាតុករបានប្រទះឃើញលោកបណ្ឌិតរូបនេះនៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី ភ្នំពេញនិងត្រូវបានក្រុមបាតុករបណ្តេញឲ្យដើរចេញទៅឆ្ងាយទាំងតយង៉យកាលពីថ្ងៃម្សិលមិញ។
ទន្ទឹមនឹងនេះដែរ អ្នកលេង Facebook បានចែករំលែកព័ត៌មានជាវីដេអូឃ្លីប«Video Clip»ពាក់ព័ន្ធនឹងឯកឧត្តម ផៃ ស៊ីផាន និងលោកបណ្ឌិត ឈឹម ផលវរុណ ឡើងព្រោងព្រាតពេញបណ្តាញសង្គម Facebook និងប្រើពាក្យ Comment រិះគន់ផង ជេរប្រទេចផងយ៉ាងធ្ងន់ៗថែមទៀត៕