កិច្ចប្រជុំកំពូលអស់រយៈពេលជាង៤ម៉ោងនៅវិមានរដ្ឋសភាជាតិនាវេលាព្រឹកនេះរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបញ្ចប់ហើយៗមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនទេ។
លទ្ធផលនៃកិច្ចប្រជុំកំពូលនេះគឺបានត្រឹមឯកភាពគ្នាដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រនៅក្នុងព្រះរាជសាររបស់ព្រះអង្គចុះថ្ងៃទី១៦ កញ្ញា ព្រឹកមិញ និងគណបក្សទាំងពីរបានឯកភាពគ្នាបន្តជួបប្រជុំគ្នានៅលើកក្រោយទៀត។ ដោយឡែកមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិត្រូវបានគណបក្សនេះអះអាងបញ្ជាក់ថា នឹងបន្តធ្វើតទៅទៀត។
ចំណុចគួរឲ្យកត់សម្គាល់សំខាន់នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងពីរគឺគណបក្សសង្គ្រោះជាតិនៅតែបន្តទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតដដែល ខណៈពេលគណបក្សប្រជាជនកម្ពុជា បញ្ជាក់យ៉ាងដាច់ណាត់ថា ការទាមទារនេះមិនអាចទៅរួចទេហើយក៏មិនអាចថយក្រោយវិញបានដែរ៕