ថ្ងៃទី១៦ខែ កញ្ញា ឆ្នាំ២០១៣នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជសារមួយសម្តែងនូវការសោកស្តាយនិងក្រៀមក្រំជាអនេកចំពោះបញ្ហាដ៏ធ្ងន់ធ្ងរដែលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីថ្ងៃទី១៥ កញ្ញាម្សិលមិញរវាងក្រុមបាតុករនិងក្រុមសមត្ថកិច្ចបណ្តាលឲ្យមានអ្នករងរបួសច្រើននាក់និងមានអ្នកស្លាប់បាត់បង់ជីវិតម្នាក់។
លើសពីនេះ ព្រះមហាក្សត្រទ្រង់ក៏បានអំពាវនាវឲ្យក្រុមបាតុករនិងក្រុមសមត្ថកិច្ចបញ្ឃប់ការប្រើអំពើហិង្សានិងសូមរក្សាប្រពៃណីអហិង្សាព្រមទាំងរក្សាភាពថ្លៃថ្នូរ ដើម្បីទុកឳកាសរកដំណោះស្រាយបញ្ហាជាតិរបស់យើងទាំងអស់គ្នា៕