កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរបានចាប់ផ្តើមហើយតាំងពីម៉ោង០៩និង១០នាទីព្រឹកនៅវិមានរដ្ឋសភាជាតិ ខណៈដែលវត្តមានបាតុករចំនួនខ្ទង់ម៉ឺននាក់ដែលជួបជុំគ្នានៅទីលានប្រជាធិបតេយ្យកំពុងរង់ចាំស្តាប់លទ្ធផលនៃកិច្ចប្រជុំនេះ។
សមាសភាពនៃកិច្ចប្រជុំកំពូលរបស់គណបក្សនយោបាយឈ្នះឆ្នោតទាំងពីរនៅពេលព្រឹកនេះមានការកើនឡើងពីគម្រោងដែលបានគ្រោងទុកជាមុន ដោយខាងគណបក្សប្រជាជនកម្ពុជាបញ្ចូលបន្ថែមឯកឧត្តម ឈាង វុន បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង និងខាងគណបក្សសង្គ្រោះជាតិបញ្ចូលបន្ថែមឯកឧត្តម សុន ឆ័យ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលរាជធានីភ្នំពេញ។ដូច្នេះសមាសភាពខាងគណបក្សកាន់អំណាចរួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន,ឯកឧត្តម ស ខេង ,ឯកឧត្តម សាយ ឈុំ ,ឯកឧត្តម សក់ សេដ្ឋា,ឯកឧត្តម ឈាង វុន និង ឯកឧត្តម សោម ឌឿង រីឯសមាសភាពខាងគណបក្សប្រឆាំងរួមមាន៖ ឯកឧត្តម សម រង្ស៊ី,ឯកឧត្តម កឹម សុខា,ឯកឧត្តម ប៉ុល ហំម,ឯកឧត្តម យឹម សុវណ្ណ,ឯកឧត្តម គួយ ប៊ុនរឿននិង ឯកឧត្តម អេង ឆៃអ៊ាង៕