ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

មហា​បាតុកម្ម​ក្លាយជា​ដើមទុន​ដ៏​ធំ​របស់​គណបក្សប្រឆាំង​ធ្វើការ​ចរចា​ជាមួយ​គណបក្សកាន់អំណាច​

​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃ​ម្សិលមិញ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​រាប់ម៉ឺន​នាក់​ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព និង​យុត្តិធម៌ ទាំង​យុត្តិធម៌​សម្រាប់​ការបោះឆ្នោត​និង​ទាំង​យុត្តិធម៌​សង្គម និង​ក៏​ជា​សារ​មួយ​ដ៏​សំខាន់​ដែល​បង្ហាញ​ឲ្យ​ឃើញថា​មាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ច្រើនសន្ធឹក​សន្ធាប់​ណាស់​ដែល​គាំទ្រ​កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​ឯក​ឧ​ត្ត​សម រង្ស៊ី ជា​ប្រធាន​។​

រូបភាព​នៃ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នា​ថ្ងៃ​ម្សិលមិញ​នេះ​ក៏បាន​ក្លាយជា​ដើមទុន​មួយ​ដ៏​ធំ​របស់​គណបក្សប្រឆាំង​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា ដែល​ការចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំងពីរ​នឹងត្រូវ​ចាប់ផ្តើម​នៅវេលា​ព្រឹក​ថ្ងៃទី​១៦ កញ្ញា​នេះ​នៅ​វិមាន​រដ្ឋសភាជាតិ ដោយ​ខាង​គណបក្សកាន់អំណាច​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ដ៏​មាន​ឥទ្ធិពល និង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម​សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ដ៏​មាន​ប្រជាប្រិយភាព​។​

ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​បាន​គាំទ្រ​គណបក្សប្រឆាំង​បាន​ផ្តល់នូវ​មតិយោបល់​ជាច្រើន​ជូន​មេគណបក្ស​ប្រឆាំង គឺ​ឯកឧត្តម​សម រង្ស៊ី យកទៅ​ពិចារណា​រួមមាន ការកែទម្រង់​ឬ​ផ្លាស់ប្តូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​«​គ​.​ជ​.​ប​» ការទាមទារ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​និង​ជាពិសេស​មិនគួរ​ចរចា​ឈានទៅ​បង្កើត​រាជរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្សនយោបាយ​កាន់អំណាច ការមិន​ឲ្យ​ចូលទៅ​ប្រជុំ​រដ្ឋសភា​លើកដំបូង​បើ​សំណើ​របស់​គណបក្សប្រឆាំង​មិន​ត្រូវបាន​ដោះស្រាយ​…​។​ល​។​

ឯកឧត្តម យឹម សុវណ្ណ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល់​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការចរចា​ជាមួយ​គណបក្សកាន់អំណាច​ថ្ងៃនេះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្នើសុំ​បង្កើត​ស្ថានីយ៍ទូរទស្សន៍​របស់​គណ​បក្ស​ដោយផ្ទាល់ ខណៈដែល​គណបក្សកាន់អំណាច​មាន​បណ្តាញឃោសនា​នេះ​ច្រើន​សឹង​រាប់មិនអស់​រួចទៅហើយ​។​

​បញ្ហា​ដែល​នៅ​សេសសល់​និង​ជា​ចំណុចរសើប​តម្រូវ​ឲ្យ​គណបក្សនយោបាយ​ឈ្នះឆ្នោត​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ទាំងពីរ​យកមក​ដាក់​លើ​តុ​ចរចា​គ្នា​នោះ គឺ​ការបើក​សម័យប្រជុំ​រដ្ឋ​សភា​នីតិកាល​ទី​៥​លើកដំបូង​នៅ​ថ្ងៃទី​២៣​ខែ កញ្ញា ឆ្នាំ​២០១៣ ខាងមុខ ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការទាមទារ​របស់​គណ​បក្សប្រឆាំង​ដែល​ស្នើ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​ចំណុច​ទាំងនេះ​ត្រូវបាន​ចាត់ទុកថា​ជា​បញ្ហា​ប្រទេសជាតិ​។​

ម​ជ្ឃ​ដ្ឋា​ន​អ្នកច្បាប់​និង​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា សន្លឹកឆ្នោត​ដែល​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​ទទួលបាន​នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ប្រកាស​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃទី​០៨ ខែ កញ្ញា កន្លងមក​នោះ​នឹង​គ្មានអ្វី​ត្រូវ​ប្រែប្រួល​ទេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនួន​៦៨​អាសនៈ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ ត​ទោះបី​គណបក្សប្រឆាំង​ដឹកនាំ​មនុស្ស​ធ្វើ​មហា​បាតុកម្ម​ក៏ដោយ​។​ប៉ុន្តែ​មហា​បាតុកម្ម​ដ៏​គគ្រឹកគគ្រេង​របស់​គណ​បក្សប្រឆាំង​នេះ​បាន​ក្លាយជា​សម្ពាធ​មួយ​ដ៏​ធំ​ទៅលើ​គណបក្សកាន់អំណាច​និង​ជាដើម​ទុន​ដ៏​ធំ​របស់​គណបក្សប្រឆាំង​សម្រាប់​ចូល​តុ​ចរចា​ជាមួយ​គណបក្សកាន់អំណាច​នៅថ្ងៃនេះ​។​

ក្រុមអ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ដែរ​ថា ដំណើរការ​ចរចា​រវាង​គណបក្សនយោបាយ​ទាំងពីរ​ចាប់ពី​ថ្ងៃនេះ​ទៅ​អាច​នឹងមាន​ស្ថានភាព​ធូរស្រាល​និង​មាន​ច្រកចេញ​ច្រើន ដ្បិត​គណបក្សនយោបាយ​ទាំងពីរ​ដែល​ទទួលបាន​សំឡេងឆ្នោត​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ត្រូវ​ជាប់​កាតព្វកិច្ច​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ជាធំ​ធ្វើជា​ប្រធានបទ​ក្នុងការ​ចរចា​គ្នា​មិនមែន​តម្កល់​ផលប្រយោជន៍​របស់​គណ​បក្ស​ឬ​បុគ្គល​រៀងៗ​ខ្លួន​ជាធំ​នោះទេ​៕​

487270_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.