នៅវេលាយប់នាថ្ងៃទី១៥ កញ្ញា នេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លៃងការណ៍មួយប្រកាសមិនទទួលស្គាល់ចំពោះអំពើទាំងឡាយណាដែលបង្កឲ្យមានហិង្សានៅក្នុងសង្គមដោយហេតុថានៅក្នុងឱកាសមហាបាតុកម្មអហិង្សានៅថ្ងៃនេះ មានជនឱកាសនិយមមួយក្តាប់តូចបានដើរបង្កចលាចល ដូចជាលើករនាំងបន្លាលួសបោះចូលក្នុងទឹកទន្លេ និងមានជនខ្លះដើរស្រែកឡូឡាបង្កសកម្មភាពញុះញង់នៅតាមទីសាធារណៈផ្សេងៗ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ទៀតថា គណបក្សធ្វើមហាបាតុកម្មអហិង្សាក្នុងគោលបំណងទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយមហាបាតុកម្មអហិង្សានេះ ធ្វើនៅទីលានប្រជាធិបតេយ្យ។ ដូច្នេះ ចំពោះអំពើរបស់ជនឱកាសនិយមទាំងឡាយណាដែលដើរបង្កបញ្ហា និងចលាចលផ្សេងៗនៅក្រៅទីលានប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិប្រកាស់មិនទទួលខុសត្រូវឡើយ ហើយសូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនឱកាសនិយមទាំងនោះ។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនេះ បានកើតមានឡើងបន្ទាប់ពីលេចចេញនូវសកម្មភាពរបស់ជនឱកាសនិយមមួយចំនួនដែលបានប្រើប្រាស់រូបភាពខ្លួនជាបាតុករធ្វើសកម្មភាពខុសអំពីបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌នៃការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលបានដឹកនាំធ្វើមហាបាតុកម្មនៅថ្ងៃនេះ៕