ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា បាតុករមួយក្រុមតូចដែលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសមត្ថកិច្ចក្នុងអំពើហិង្សានៅមុខវត្តឧណ្ណាលោម បានដកថយវិញហើយបន្ទាប់ពីមានការអំពាវនាវរបស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានអញ្ជើញចុះទៅជជែកពិភាក្សាសម្រុះសម្រួលជាមួយលោកឧត្តមសេនីយ៍ជួន សុវណ្ណ មេប៉ូលិសរាជធានីភ្នំពេញរួចមក។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា មានកម្លាំងប៉ូលិសម្នាក់ទទួលរងរបួសបែកក្បាល ដោយសារក្រុមបាតុករគប់នឹងដុំថ្មក្នុងអំពើហិង្សានាពេលល្ងាចនេះ។ លោកឧត្តមសេនីយ៍បានអះអាងថា គ្រាប់បែកផ្សែងដែលប៉ូលិសបានបាញ់ទៅលើក្រុមបាតុករគឺមិនបង្កឲ្យប៉ះពាល់ដល់សុខភាពទេ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ជួន សុវណ្ណ បានមានប្រសាសន៍បន្ថែមទៀតថា បាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ គឺជាអំពើខុសច្បាប់។
ដោយឡែកឯកឧត្តម ហូរ វ៉ាន់ អ្នកដឹកនាំបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលរាជធានីភ្នំពេញ បានប្រកាសនៅចំពោះមុខអាជ្ញាធររាជធានីភ្នំពេញថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃនេះ នឹងត្រូវបញ្ចប់យ៉ាងយូរត្រឹមម៉ោង១៨ និង២០នាទី។
ព័ត៌មានពីទីលានប្រជាធិបតេយ្យបានឲ្យដឹងថា ឯកឧត្តម សម រង្ស៊ី បានបិទបញ្ចប់មហាបាតុកម្មសម្រាប់នៅថ្ងៃនេះហើយៗនឹងបន្តធ្វើនៅថ្ងៃស្អែកទៀត ប៉ុន្តែប្រជាពលរដ្ឋដែលមកចូលរួមមហាបាតុកម្មមួយចំនួន ត្រូវសង្កេតឃើញថា ពួកគាត់បានសម្រាកស្នាក់នៅជំរំទីលានប្រជាធិបតេយ្យនោះតែម្តង៕
គ្រាប់បែកផ្សែងដែលប៉ូលិសប្រើប្រាស់ទៅលើក្រុមបាតុករ