ព្រឹត្តិការណ៍ថ្មីៗចុងក្រោយទាក់ទងនឹងដំណើរការមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅវេលាម៉ោងប្រមាណ១៧ ល្ងាចនេះ គឺមានបាតុករមួយក្រុមតូចបានរុលធ្វើដំណើរទៅមុខនៅភូមិសាស្ត្រសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មុខវត្តឧណ្ណាលោម ធ្វើឲ្យមានការប៉ះទង្គិចជាមួយនឹងសមត្ថកិច្ចយាមកាមនៅទីនោះ ហើយត្រូវបានសមត្ថកិច្ចប្រើប្រាស់ទឹកសាប៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក ព្រមទាំងបាញ់គ្រាប់កាំភ្លើងឡើងលើបំបែកក្រុមបាតុករផងដែរ។
ក្រុមបាតុករដែលប្រឈមមុខជាមួយនឹងសមត្ថកិច្ចនៅទីនោះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា សមត្ថកិច្ចនិងបាតុករបានផ្ទុះកើតឡើងនូវអំពើហិង្សា ដែលនាំឲ្យមានរបួសដល់ក្រុមបាតុករទៀតផង និងប៉ុន្មាននាទីក្រោយមកឃើញមានវត្តមានអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិព្រមទាំងលោកឧត្តមសេនីយ៍ឯកជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញមកធ្វើអន្តរាគមន៍ផងដែរ។
អំពើហិង្សាដែលបានកើតឡើងរវាងសមត្ថកិច្ច និងបាតុករមួយក្រុមតូចនេះ គឺស្របពេលដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសនៅទីលានប្រជាធិបតេយ្យដែលជាទីតាំងជួបប្រជុំនៃមហាបាតុកម្មនោះថា មិនឲ្យមានការដើរហែក្បួននៅល្ងាចនេះទៀតទេ។
មជ្ឈដ្ឋានប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិបានបញ្ចេញទស្សនៈថា សូមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមេត្តាត្រួតពិនិត្យ និងមានវិធានការគ្រប់គ្រងឲ្យបានល្អិតល្អន់ផងទៅលើក្រុមបាតុករ ចៀសវាងមានការលួចបន្លំបង្កប់កម្លាំងបញ្ចូលពីអ្នកដទៃបង្កឲ្យមានអំពើហិង្សាផ្សេងៗកើតឡើងជាមួយសមត្ថកិច្ច និងនាំឲ្យប៉ះពាល់ដល់ដំណើរការមហាបាតុកម្មរបស់គណបក្សទាំងមូល៕