ថ្ងៃស្អែក ថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្ស ត្រូវចូលតុចរចាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអនុប្រធានគណបក្សដ៏មានឥទ្ធិពល ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ជាពិសេសទាក់ទងនឹងការទាមទាររបស់គណបក្សសង្គ្រោះជាតិតាមរយៈស្មារតីនៃមហាបាតុកម្មលើការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេត ភាពមិនប្រក្រតីនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ «សមាសភាពចំនួន៣រូបម្ខាង និងអមដោយជំនួយការចំនួន៣រូបម្ខាងៗទៀត» ខណៈដែលព្រឹកនេះ គណបក្សសង្គ្រោះជាតិបានដឹកនាំបាតុកររាប់ម៉ឺននាក់ធ្វើដំណើរហែតាមផ្លូវសាធារណៈទៅជួបជុំគ្នាធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេត ភាពមិនប្រក្រតី នៃការបោះឆ្នោត។
មានលេចចេញនូវទិដ្ឋភាពសំខាន់ៗជាច្រើនគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅពេលព្រឹកនេះ ដែលគេហទំព័រសារព័ត៌មានដើមត្នោត សូមដកស្រង់ចុះផ្សាយដូចតទៅ៖
១- ពាក់ព័ន្ធនឹងអាជ្ញាធរ៖
ក. អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មអហិង្សាដោយសន្តិវិធីនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ចាប់ពីវេលាម៉ោង០៦ ព្រឹក ដល់ម៉ោង១៨ ល្ងាច នៅទីលានប្រជាធិបតេយ្យ ដោយមិនឲ្យមានការប្រមូលផ្តុំ និងការស្នាក់នៅពេលយប់នៅទីលានប្រជាធិបតេយ្យ ឬទីកន្លែងសាធរណៈដទៃទៀត។ មិនអនុញ្ញាតឲ្យធ្វើបាតុកម្មនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា ឡើយ។
ខ. បាតុកម្មដោយសន្តិវិធីត្រូវដំណើរការនៅទីលានប្រជាធិបតេយ្យ តែមួយគត់ និងត្រូវមានបាតុករចូលរួមក្នុងចំនួនមិនលើសពី១ម៉ឺននាក់ និងហាមឃាត់ការដង្ហែក្បួនបាតុកម្មឬដង្ហែញត្តិតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
ឃ. ផ្លូវសារធាណៈមួយចំនួនត្រូវបានបិទមិនឲ្យធ្វើចរាចរណ៍ទាំងស្រុង ដូចជា មហាវិថីព្រះនរោត្តម ផ្លូវជុំវិញលំនៅឋាននាយករដ្ឋមន្ត្រី មហាវិថីសហព័ន្ធរុស្ស៊ីនៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវឆ្លងកាត់លើស្ពានអាកាសថ្មីក្បាលថ្នល់… ។ល។ តាំងពីពេលព្រឹកព្រលឹមនៃការធ្វើបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ។
ង. អាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រហោះឆ្វែលពីខាងលើអាកាសដើម្បីតាមដានឃ្លាំមើលដំណើរការមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
ច. អាជ្ញាធរបានសម្រេចលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិចំណេះទូទៅ និងបំពេញវិជ្ជាដែលគ្រោងធ្វើនៅថ្ងៃស្អែកទី១៦ កញ្ញា ត្រូវធ្វើនៅថ្ងៃទី២៦-២៧ កញ្ញា ខាងមុខវិញ។
២- ពាក់ព័ន្ធនឹងបាតុករចូលរួមមហាបាតុកម្ម៖
ក. បាតុកររាប់រយទៅរាប់ពាន់នាក់បាននាំគ្នាមកសម្រាកស្នាក់នៅទីលានប្រជាធិបតេយ្យតាំងពីរាត្រីថ្ងៃម្សិលមិញ ដើម្បីត្រៀមចូលរួមធ្វើមហាបាតុកម្មនៅក្រោមរោងតង់កសាងឡើងដោយគណបក្សសង្គ្រោះជាតិ។
ខ. ក្រុមបាតុករបាននាំគ្នាដើរតាមផ្លូវសាធារណៈចេញពីទីតាំងធំៗ ចំនួន២ គឺពីទីស្នាក់ការកណ្តាគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្ស និងពីទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំឲ្យឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ខណៈដែលក្រុមបាតុករជាច្រើនទៀតកំពុងរង់ចាំនៅទីលានប្រជាធិបតេយ្យរួចជាស្រេច។
គ. ចំនួនបាតុករចូលរួមមហាបាតុកម្មមានកម្រិតច្រើនសន្ធឹកសន្ធាប់លើសលប់ដល់ទៅជាង៤ឬ៥ដង បើធៀបទៅនឹងចំនួនដែលអនុញ្ញាតដោយអាជ្ញាធរ។ ឯកឧត្តម យឹម សុវណ្ណ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ចំនួនបឋមរបស់អ្នកចូលរួមមហាបាតុកម្មគឺមានជាង៤ម៉ឺននាក់។
ឃ. បាតុករបាននាំគ្នាហែក្បួនតាមផ្លូវសាធារណៈចេញពីទីលានប្រជាធិបតេយ្យមកដល់ចំណុចផ្លូវក្បែរព្រះអង្គដងកើ ជិតព្រះបរមរាជវាំង រួចហើយក៏បានវិលត្រឡប់ទៅវត្តភ្នំ និងទីលានប្រជាធិបតេយ្យវិញ ដោយមានការប៉ះទង្គិចជាពាក្យសំដីបន្តិចបន្តួចជាមួយអាជ្ញាធរមានសមត្ថកិច្ចយាមកាម។
ង. ក្រុមបាតុករមានកិច្ចសហការគ្នាល្អក្នុងការជួយសង្គ្រោះទៅលើអ្នកដែលខ្យល់គ ឬខ្យល់ចាប់ មួយចំនួនដោយសារឋិតក្នុងសភាពមនុស្សច្រើនកុះករពេកនិងបានផ្គត់ផ្គង់ម្ហូបអាហារទៅដល់អ្នកចូលរួមមហាបាតុកម្មយ៉ាងសកម្ម។
៣- ពាក់ព័ន្ធនឹងមតិយោបល់របស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាច៖
ឯកឧត្តម ខៀវ កាញារីទ្ធ បានដកស្រង់អត្ថបទក្នុង Status របស់ Account Facebook មួយឈ្មោះ Sophal Sath មកដាក់ក្នុង Time Line របស់ឯកឧត្តមថា «រំខានអារម្មណ៍ដល់ហើយ ដែលអ្នកស្វែងរកសន្តិភាពនៅលើទឹកដីកំពុងមានសន្តិភាព»។
៤- ពាក់ព័ន្ធនឹង Account Facebook មួយចំនួនទៀត៖
ពួកគេបានធ្វើការ Post នូវរូបភាពបំភិតបំភ័យជាច្រើនដល់ក្រុមបាតុករដែលចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដោយប្រើរូបភាពថា មានភេសជ្ជៈផ្ទុកដោយជាតិពុល មានម្ហូបអាហារផ្ទុកដោយថ្នាំពុល និងគ្មានថ្នាំសង្កូវ ព្រមទាំងគ្រូពេទ្យសម្រាប់សង្គ្រោះបន្ទាន់ទៅដល់បាតុករដែលមានខ្យល់គ ហើយបណ្តាលឲ្យមានការស្លាប់បាត់បង់ជីវិត។ ប៉ុន្តែព័ត៌មានដែល Post ក្នុងបណ្តាញសង្គម Facebook ទាំងនេះ ត្រូវបានអ្នកលេង Facebook ភាគច្រើនចោទប្រកាន់ថា ជារឿងមិនពិត និងប្រតិដ្ឋដើម្បីកុំឲ្យមានមនុស្សចូលរួមក្នុងមហាបាតុកម្ម៕