មុននឹងមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ក្រុមបាតុករដែលអមដំណើរដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបាននាំគ្នាធ្វើដំណើរចេញពីទីស្នាក់ការកណ្តាលរបស់គណបក្សទាំងពីរកន្លែង នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដឹកនាំដោយឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស នៅទីស្នាក់ការខណ្ឌទួលគោក ដឹកនាំដោយឯកឧត្តម កឹម សុខា អនុប្រធានគណបក្ស នៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈដែលវិថីខ្លះត្រូវបានអាជ្ញាធរពង្រាយលួសបន្លាបិទមិនឲ្យធ្វើចរាចរណ៍តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យទី១៥ កញ្ញានេះ។
ទាក់ទងនឹងការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនេះ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យធ្វើតែមួយថ្ងៃនិងមិនឲ្យហែជាក្បួនទេ ប៉ុន្តែឥឡូវនេះក្រុមមហាបាតុករបាននាំគ្នាធ្វើដំណើរតាមផ្លូវសាធារណៈឆ្ពោះទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដែលជាកន្លែងប្រារព្ធមហាបាតុកម្ម។
មជ្ឃដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងរបៀបលេងសើចថា ក្រុមបាតុកររាប់ពាន់ឬខ្ទង់ម៉ឺននាក់បាននាំគ្នាធ្វើដំណើរតាមដងផ្លូវ ប្រហែលជាមិនខុសច្បាប់ទេដឹងពីព្រោះមិនមែនធ្វើបាតុកម្មដោយហែក្បួនឯណា។
គោលបំណងចម្បងរបស់គណបក្សសង្គ្រោះជាតិក្នុងការធ្វើមហាបាតុកម្មនេះគឺដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ថ្ងៃទី២៨ខែ កក្កដា ឆ្នាំ២០១៣កន្លងមក ដែលគណបក្សប្រជាជនកម្ពុជាមិនរវីរវល់ដោះស្រាយទាល់តែសោះដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថាគណបក្សដែលឈ្នះឆ្នោត ឈ្នះដោយថ្លៃថ្នូរនិងគណបក្សចាញ់ឆ្នោត ចាញ់ដោយអស់ចិត្ត៕