ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

មហា​បាតុកម្ម​គណបក្សប្រឆាំង​លើក​នេះ​ប្រជាពលរដ្ឋ​មក​បោះជំរំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែម្តង​

​មិន​ដូច​មហា​បាតុកម្ម​កាលពី​លើក​ទី​១​នា​ថ្ងៃទី​០៧ ខែកញ្ញា កន្លងមក​នោះទេ គឺ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​លើក​ទី​២​នេះ ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​នានា​រាប់រយ​ទៅ​រាប់ពាន់នាក់​បាននាំគ្នា​បោះជំរំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ត្រៀម​ចូលរួម​ធ្វើ​មហា​បាតុកម្ម​តែម្តង​។​

​មហា​បាតុកម្មអហិង្សា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ខណៈដែល​អាជ្ញាធរ​អនុ​ញ្ញា​ច្បាប់​ត្រឹម​ចំនួន​១​ថ្ងៃ​គឺ​ថ្ងៃទី​១៥​កញ្ញា នោះ មាន​គោលបំណង​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​

ក្នុងស្ថានភាព​ជាក់ស្តែង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​រោងតង់​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​បែបនេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​សន្និដ្ឋានថា មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទំនងជា​មិន​ធ្វើ​ត្រឹម​រយៈពេល​មួយថ្ងៃ​ឬ​៣​ថ្ងៃ​នោះទេ អាច​នឹងធ្វើ​ច្រើន​ថ្ងៃ​បន្តទៀត ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ទាក់ទង​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់បាន​បញ្ជាក់ប្រាប់​បណ្តា​ញ​ព័ត៌មាន​ថា មហា​បាតុកម្ម​អាច​នឹងធ្វើ​ច្រើន​ថ្ងៃ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន និង​អាចមាន​ការហែក្បួន​ថែម​ទៀតផង ប្រសិនបើ​មិនមាន​ដំណោះស្រាយ​តាម​ការទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​៕​

cnrp_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.