ស្ថានភាពវិវឌ្ឍន៍មកទល់នឹងពេលនេះ ពាក់ព័ន្ធនឹងគណបក្សនយោបាយប្រឆាំងបានបង្ហាញនូវចំណុចបរាជ័យផង និងជោគជ័យផងនៅលើឆាកនយោបាយ ដែលមានដៃគូប្រជែងដ៏ខ្លាំងមួយគឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា។
ចំណុចជោគជ័យនិងបរាជ័យរបស់គណបក្សប្រឆាំងនៅលើសង្វៀននយោបាយក្នុងការប្រកួតជាមួយគណបក្សកាន់អំណាចគឺមានដូចខាងក្រោម៖
១- ចំណុចជោគជ័យ៖
ក- សម្រេចបាននូវការរួមច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ឲ្យក្លាយទៅជាគណបក្សនយោបាយប្រឆាំងតែមួយដ៏មានកម្លាំងខ្លាំងក្លាគឺគណបក្សសង្គ្រោះជាតិសព្វថ្ងៃ ដោយជ្រើសរើសបានឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្ស និងឯកឧត្តម កឹម សុខា ជាអនុប្រធានគណបក្ស។
ខ- ភាពទន់ភ្លន់ខាងនយោបាយ និងការអនុវត្តន៍នយោបាយក្រៅប្រទេសបានល្អ បានផ្តល់ឱកាសឲ្យឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្សដែលនិរទេសខ្លួននៅឯបរទេសអស់រយៈពេលប្រមាណ៤ឆ្នាំនោះ ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពល។ លទ្ធផលនៃការលើកលែងទោសនេះ បានបើកផ្លូវឲ្យឯកឧត្តម សម រង្ស៊ី អាចធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបានចូលរួមឃោសនារកសំឡេងឆ្នោតនៅក្នុងប្រទេសជូនគណបក្សសង្គ្រោះជាតិ។
គ- សំឡេងឆ្នោតគាំទ្ររបស់គណបក្សប្រឆាំងមានការកើនឡើងយ៉ាងខ្លាំងដោយទទួលបានសំឡេងឆ្នោតគាំទ្រសរុបចំនួន២.៩៦៩.១៧៦សំឡេង ស្មើនឹង៥៥អាសនៈ និងអាចជែងយកឈ្នះនៅមណ្ឌលបោះឆ្នោតរាជធានី និងខេត្តចំនួន៣ដែលថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រទៀតផង «រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ចាម» បើទោះបីគណបក្សសង្គ្រោះជាតិមិនពេញចិត្តទៅនឹងលទ្ធផលឆ្នោតដែលទទួលបាននេះក៏ដោយ។
ឃ- កិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលរវាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយឯកឧត្តម សម រង្ស៊ី និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ «សម្តេចតេជោសែន» នៅវេលាព្រឹកមិញចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំងទោះបីត្រឹមបានទទួលលទ្ធផលព្រះមហាក្សត្រប្រទានលិខិតអញ្ជើញអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៣រូបមកពីគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរដើម្បីឲ្យចូលរួមប្រជុំរដ្ឋសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខក៏ដោយ ប៉ុន្តែក៏បានបង្ហាញថា បំណងរបស់គណបក្សសង្គ្រោះជាតិបានសម្រេច ដែលចង់ឲ្យមានកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលផ្ទាល់ ដែលមានសិទ្ធិសម្រេចរបស់គណបក្សនយោបាយទាំងពីរ។ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ កិច្ចប្រជុំកំពូលរវាងគណបក្សសង្គ្រោះជាតិដឹកនាំដោយឯកឧត្តម សម រង្ស៊ី ជាមួយគណបក្សប្រជាជនកម្ពុជា នឹងប្រព្រឹត្តឡើងទៀតនៅវិមានរដ្ឋសភាជាតិ។
ង- គម្រោងធ្វើមហាបាតុកម្ម ដែលបានធ្វើកាលពីលើកទី១នាថ្ងៃទី០៧ ខែកញ្ញា កន្លងមក និងលើកទី២ នឹងធ្វើនៅថ្ងៃស្អែករបស់គណបក្សសង្គ្រោះជាតិត្រូវបានអនុញ្ញាតដោយអាជ្ញាធរ គ្រាន់តែអាជ្ញាធរមានភ្ជាប់ជាមួយលក្ខខណ្ឌខ្លះៗ ប៉ុន្តែការអនុញ្ញាតនេះក៏បានស្របទៅនឹងខ្លឹមសារលិខិតចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ របស់ឯកឧត្តម សម រង្ស៊ី ដែលបានទូលថ្វាយព្រះមហាក្សត្រថា «ទូលព្រះបង្គំនឹងរៀបចំមហាបាតុកម្មអហិង្សាជារូបភាពបួងសួង ស្មឹងស្មាធិ៍ សុំសេចក្តីសុខសន្តិភាព និងយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជាវិញ្»។
២- ចំណុចបរាជ័យ៖
ក- សំណើសុំចុះឈ្មោះឯកឧត្តម សម រង្ស៊ី ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅមណ្ឌលខេត្តកណ្តាល និងសំណើសុំផ្តល់សុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិ តំណាងរាស្ត្ររបស់ឯកឧត្តម សម រង្ស៊ី ឡើងវិញមិនបានសម្រេច។
ខ- ការស្នើសុំឲ្យមានការបង្កើតគណៈកម្មការចម្រុះ ឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មិនទាន់បានសម្រេច និងត្រូវបានច្រានចោលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សកាន់អំណាចគ្រប់ជំហានជាបន្តបន្ទាប់។
គ- បណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលប្តឹងថ្នាក់ដឹកនាំ គ.ជ.ប ទៅស្ថាប័នតុលាការដោយចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ក្នុងរឿងព្រហ្មទណ្ឌនោះ ត្រូវបានតុលាការមិនទទួលយកមកចាត់ការតាមនីតិវិធីនៃច្បាប់ឡើយ ដោយតុលាការអះអាងថា មិនមែនជាសមត្ថកិច្ច។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ចំណុចវិវាទដែលនៅសេសសល់សំខាន់បន្តធ្វើការជជែកទាមទាររវាងគណបក្សនយោបាយប្រឆាំង និងគណបក្សកាន់អំណាចគឺការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា គណបក្សឈ្នះឆ្នោត ឈ្នះដោយថ្លៃថ្នូរ កុំដោយសារលួចបន្លំសន្លឹកឆ្នោត និងគណបក្សចាញ់ឆ្នោត ចាញ់ដោយអស់ចិត្តកុំមានការឡាំប៉ា។ រីឯការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលជាជម្រើសចុងក្រោយនោះមិនអាចធ្វើឲ្យសំឡេងឆ្នោតក្នុងរដ្ឋសភានីតិកាលទី៥ប្រែប្រួលឡើយ គឺវាគ្រាន់តែជាសម្ពាធមួយជំរុញឲ្យមានការចរចាគ្នារវាងគណបក្សនយោបាយធំៗទាំងពីរដែលឈ្នះឆ្នោតទទួលបានអាសនៈនៅក្នុងរដ្ឋសភា និងវាគ្រាន់តែជាការលើកទឹកចិត្តដល់អ្នកគាំទ្រគណបក្សប្រឆាំងប៉ុណ្ណោះ ដែលមហាបាតុកម្មនេះវាក៏មិនអាចចេះតែបន្តរហូតគ្មានឈប់ឈរនោះឡើយ៕