នៅវេលាយប់នេះ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅតាមបណ្តាខេត្តភាគពាយ័ព្យនៃប្រទេសរួចមក ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបាន Post អត្ថបទខ្លីតែមានខ្លឹមសារមួយនៅក្នុង Time Line Facebook របស់ឯកឧត្តម ស្នើសុំឲ្យបងប្អូន កូនក្មួយអ្នកគាំទ្រទាំងអស់មេត្តាជួយផ្តល់ជាយោបល់ឬអនុសាសន៍ជូនឯកឧត្តម ដើម្បីបានយកមកពិចារណានៅមុនពេលឯកឧត្តម និងប្រតិភូគណបក្សសង្គ្រោះជាតិចូលគាល់ព្រះមហាក្សត្រនៅព្រះបរមរាជវាំង ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ជាមួយថ្នាក់ដឹកនាំកំពូល៣រូបនៃគណបក្សប្រជាជនកម្ពុជា ថ្ងៃទី១៤ កញ្ញា ស្អែកនេះ។
ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់ឲ្យដឹងដែរថា ការផ្តល់ជាយោបល់ឬអនុសាសន៍ជូនឯកឧត្តម គឺត្រូវផ្តល់ឲ្យបានមុនម៉ោង០៨ និង៣០នាទី ព្រឹកស្អែកនេះ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ឯកឧត្តម សម រង្ស៊ីកំពុងអនុវត្តន៍នូវគោលការណ៍ប្រជាធិបតេយ្យមួយដ៏ល្អក្នុងការស្ទាបស្ទង់មតិពីអ្នកគាំទ្រយកមកពិចារណាមុននឹងធ្វើការសម្រេចទុកជាមូលដ្ឋានដោះស្រាយកិច្ចការផ្សេងៗ ដែលនេះជាគំរូល្អបំផុតសម្រាប់ថ្នាក់ដឹកនាំ ដែលយកសំឡេងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតធ្វើជាធំ៕