នៅវេលាម៉ោង០៩ព្រឹក ថ្ងៃស្អែកនេះ ថ្នាក់ដឹកនាំកំពូលរបស់គណបក្សនយោបាយឈ្នះឆ្នោតនៅក្នុងរដ្ឋសភានីតិកាលទី៥ ទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងត្រូវចូលរួមប្រជុំដោះស្រាយបញ្ហាប្រទេសជាតិក្រោមព្រះរាជាធិបតីនៃអង្គព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង ខណៈដែលគណបក្សសង្គ្រោះជាតិនៅប្រកាន់ជំហរយ៉ាងមុតមាំថា នឹងធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី១៥ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យដដែល ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ និងបើទោះបីមានរូបភាពបំភិតបំភ័យជាមុន ដោយសកម្មភាពដាក់បង្កៃគ្រាប់ផ្ទុះ នៅក្បែរទីលានប្រជាធិបតេយ្យវត្តភ្នំនាព្រឹកនេះក៏ដោយ។
សមាសភាពរបស់គណបក្សនយោបាយឈ្នះឆ្នោតទាំងពីរ ដែលនឹងត្រូវទៅចូលរួមប្រជុំ នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រថ្ងៃស្អែកនេះ គឺខាងគណបក្សប្រជាជនកម្ពុជា រួមមាន៖ ១- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្ស និងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល, ២- ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា និង ៣- ឯកឧត្តម ស ខេង បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង។ រីឯខាងគណបក្សសង្គ្រោះជាតិ រួមមាន៖ ១- ឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្ស, ២- ឯកឧត្តម កឹម សុខា អនុប្រធានគណបក្ស និងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ចាម និង ៣- លោកជំទាវ ជូឡុង សូមូរ៉ា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនៅមណ្ឌលរាជធានីភ្នំពេញ «ជាភរិយារបស់ឯកឧត្តម សម រង្ស៊ី» ។
ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះត្រូវចូលរួមប្រជុំថ្ងៃស្អែកដែរនោះ បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មានថា កិច្ចប្រជុំពិភាក្សានេះ គណបក្សសង្គ្រោះជាតិនឹងលើកឡើងអំពីការមិនទទួលយកលទ្ធផលនៃការបោះឆ្នោត និងទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ពោលគឺមិនចរចាគ្នា ក្នុងការបែងចែកអំណាចឡើយ។
សូមបញ្ជាក់ជូនថា ភាពចម្រូងចម្រាស ឬខ្វែងគំនិតគ្នាដែលជាចំណុចវិវាទរវាងគណបក្សនយោបាយធំៗទាំងពីរនេះ គឺគណបក្សសង្គ្រោះជាតិដែលបានទទួលអាសនៈនៅក្នុងរដ្ឋសភាចំនួន៥៥ អាសនៈ តាមការប្រកាស និងសម្រេចជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» នោះ ទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីបង្ហាញឲ្យឃើញថា គណបក្សឈ្នះឆ្នោត ឈ្នះដោយថ្លៃថ្នូរ និងគណបក្សចាញ់ឆ្នោត ចាញ់ដោយអស់ចិត្ត និងដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតផង។ ដោយឡែកគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភាចំនួន៦៨អាសនៈនោះ អះអាងថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិគឺជាការរំលោភបំពានទៅលើច្បាប់របស់ជាតិ ពីព្រោះការដោះស្រាយទាក់ទងនឹងរឿងបោះឆ្នោតជាសមត្ថកិច្ចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។
ចំណុចវិវាទដែលមិនទាន់ដោះស្រាយឲ្យបានចប់ស្រេចបាច់នេះហើយជាហេតុធ្វើឲ្យគណបក្សសង្គ្រោះជាតិប្រើប្រាស់ជម្រើសចុងក្រោយគឺការដឹកនាំធ្វើមហាបាតុកម្មទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីថ្ងៃទី០៧ ខែកញ្ញា រួចម្តងមកហើយៗគ្រោងនឹងធ្វើសាជាថ្មីទៀតនៅថ្ងៃទី១៥ខែកញ្ញា ខាងមុខនេះ៕