ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

ឳ​កាស​ជួបគ្នា​ផ្ទាល់​រវាង​មេបក្ស​ប្រឆាំង​និង​បុរស​ខ្លាំង​នឹង​មកដល់​នៅ​ថ្ងៃស្អែក​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​ក្នុង​សមាសភាព​លេខ​៧

​តាម​ការកោះអញ្ជើញ​រប​ស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ម្សិលមិញ គឺ​ឯកឧត្តម សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​បុរស​ខ្លាំង​នៃ​កម្ពុជា​នឹង​អាចមាន​ឳ​កាស​ជួបគ្នា​ដោយផ្ទាល់​ជា​លើកដំបូង​នៅវេលា​ម៉ោង​០៩​ព្រឹក​នា​ថ្ងៃស្អែក​ទី​១៤​ខែ កញ្ញា ឆ្នាំ​២០១៣ នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​ក្នុង​ព្រះបរមរាជវាំង​។​

ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​«​សម្តេច​តេ​ជោ​សែន​»​បាន​ត្រៀម​សហការី​របស់​សម្តេច​ចំនួន​ពីររូប​គឺ​ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង ដើម្បី​ចូលរួម​ប្រជុំ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​។​

ព្រះរាជសារ​កោះអញ្ជើញ​ឯកឧត្តម សម រង្ស៊ី ដោយ​អង្គ​ព្រះមហាក្សត្រ​ឲ្យ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃស្អែក​នោះ ត្រូវបាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ឯកឧត្តម យឹម សុវណ្ណ ទទួល​រួចហើយ ប៉ុន្តែ​ឯកឧត្តម​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅពេល​ភ្ជាប់​ទូរស័ព្ទ​ជាមួយ​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​នា​វេលា​ព្រឹក​នេះ ដោយ​ឯកឧត្តម យឹម សុវណ្ណ មានប្រសាសន៍ថា​«​កំពុង​ធ្វើការ​នៅឡើយ​»​។​

​កាលពី​ថ្ងៃទី​៣០​ខែសីហា ឆ្នាំ​២០១៣​កន្លងមក ឯកឧត្តម សម រង្ស៊ី ធ្លាប់បាន​ធ្វើលិខិត​ផ្លូវកា​រ​មួយច្បាប់​គោរព​ជូន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដោយបាន​សម្តែង​ឲ្យ​មានការ​ជួបប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សិទ្ធិ​សម្រេច ដើម្បី​ស្វែងរក​ដំណោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​និង​ឈានទៅរក​ការកែទម្រង់​នយោបាយ​ដើម្បី​ភាព​រីកចម្រើន​របស់​ប្រទេសជាតិ​។​

ដូច្នេះ នេះ​គឺជា​ឳ​កាស​ដ៏​ល្អ​ប្រពៃ​សម្រាប់​ឯកឧត្តម សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​អាច​ជួបប្រជុំគ្នា​ជាមួយ​«​សម្តេច​តេ​ជោ​សែន​»​និង​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយផ្ទាល់​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​ដែលជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ​និង​និរន្តរភាព​ជាតិ​ដូច​មានចែង​ក្នុង​មាត្រា​៨​នៃ​រដ្ឋធម្មនុញ្ញ​។​

ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​នោះ គឺ​អង្គ​ព្រះមហាក្សត្រ​បាន​កោះប្រជុំ​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្សនយោបាយ​ឈ្នះឆ្នោត​ទាំងពីរ​ដោយ​ម្ខាងៗ​មាន​សមាសភាព​ចូលរួម​ចំនួន​បី​រូប​។​ដូចនេះ​កិច្ចប្រជុំ​នឹងត្រូវ​មាន​សមាស​ភាពជា​តួអង្គ​ចំនួន​៧​អង្គ​-​រូប​គឺ​ក្នុង​រង្វង់​លេខ​៧ ខណៈដែល​ដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​មកកាន់​មាតុភូមិ​វិញ​កាលពី​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៣​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កន្លងមក​នោះ​ក៏​ចំ​ចំណត​ពីស​លេខ​៧​ដែរ​។​

រួម​សេចក្តី​មក ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ដែល​បាន​បោះឆ្នោត​គាំទ្រ​ជូន​គណបក្សនយោបាយ​ធំៗ​ទាំងពីរ​នឹង​រង់ចាំ​តាមដាន​មើល​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្សនយោបាយ​ឈ្នះឆ្នោត​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​ថ្ងៃស្អែក​ក្នុង​ព្រះមហា​ប្រាសាទ​ខេមរិន្ទ​នៃ​ព្រះបរមរាជវាំង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​៕​

72_n1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.