នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជសារចំនួន២ដាច់ដោយឡែកពីគ្នា កោះអញ្ជើញឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រួមនឹងសហការីចំនួន២រូប និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមនឹងសហការីចំនួន២រូប ឲ្យមកចូលរួមប្រជុំក្រោមព្រះរាជាធិបតីភាពរបស់ព្រះអង្គ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង០៩ ព្រឹកខាងមុខ នៅព្រះមហាប្រាសាទខេមរិន្ទនៃព្រះបរមរាជវាំង។
បន្ទាប់ពីទទួលបានព្រះរាជសាររបស់ព្រះមហាក្សត្រចុះថ្ងៃទី១២ ខែកញ្ញា រួចហើយភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើលិខិតផ្លូវការមួយច្បាប់នៅថ្ងៃដដែលនេះ ទូលថ្វាយព្រះមហាក្សត្រវិញថា សម្តេចនឹងដឹកនាំសហការីចំនួន២រូប គឺឯកឧត្តម សាយ ឈុំ និងឯកឧត្តម ស ខេង ទៅចូលរួមប្រជុំតាមការអញ្ជើញរបស់ព្រះអង្គ។
ដោយឡែកគិតត្រឹមវេលាម៉ោង ២១ យប់ នាថ្ងៃទី១២ កញ្ញានេះ គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់ទទួលព័ត៌មានពីខាងគណបក្សសង្គ្រោះជាតិគ្រោងនឹងដឹកនាំសហការីរូបណាទៅចូលរួមប្រជុំតាមការអញ្ជើញរបស់ព្រះមហាក្សត្រឬក៏មិនត្រូវទៅចូលរួមប្រជុំនោះនៅឡើយទេ។
ការចេញព្រះរាជសារអញ្ជើញថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយធំៗទាំងពីរឲ្យមកចូលរួមប្រជុំដោះស្រាយបញ្ហាប្រទេសជាតិក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រនេះ គឺមុនពេលតែមួយថ្ងៃដែលគណបក្សសង្គ្រោះជាតិនឹងត្រូវដឹកនាំធ្វើមហាបាតុកម្មអហិង្សារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មការពិសេសឯករាជ្យមួយស៊ើបអង្កេតរកការពិត និងយុត្តិធម៌ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
គម្រោងនៃការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិជាលើកទី២នេះ ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតរួចហើយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ដោយយល់ព្រមឲ្យគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មដោយសន្តិវិធីត្រឹមតែមួយថ្ងៃ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ចាប់ពីវេលាម៉ោង០៦ ព្រឹក រហូតដល់ម៉ោង១៨ ល្ងាច នៅទីលានប្រជាធិបតេយ្យ ដោយតម្រូវឲ្យមានបាតុករចូលរួមមិនឲ្យលើសពីមួយម៉ឺននាក់ទេ ហើយក៏មិនឲ្យមានការប្រមូលផ្តុំនិងស្នាក់នៅទីលានប្រជាធិបតេយ្យពេលយប់ និងក៏មិនឲ្យមានការហែក្បួនដែរ៕