ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

ក្រុមប្រឹក្សាធម្មនុញ្ញ​ព្រមាន​ជន​ដែល​មិន​គោរព​សេចក្តីសម្រេច​របស់ខ្លួន ខណៈ​គណបក្សប្រឆាំង​ប្តឹងមេ គ.ជ.ប និងត្រៀម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​២

​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​មួយ​របស់​ជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ធ្វើការ​ព្រមាន​ទៅលើ​ជន​ណា​ដែល​មិន​គោរព​សេចក្តីសម្រេច​របស់ខ្លួន​លើ​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កន្លងមក​។​

​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា សេចក្តីសម្រេច​លើ​ពាក្យ​បណ្តឹងតវ៉ា របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៥ ដែល​បាន​ដោះស្រាយ​ចប់សព្វគ្រប់​កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងមក​នោះ ជា​សេចក្តីសម្រេច​ស្ថាពរ​បិទផ្លូវ​តវ៉ា មាន​អានុភាព​អនុវត្តន៍​ទៅលើ​អំណាច​ទាំងអស់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ លើសពីនេះ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សូត្រ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រង់​បញ្ញត្តិ​មាត្រា​៣៦​ថា «​ជន​ណា​ដែល​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ឬ​រារាំង​ដល់​កិច្ចប្រតិបត្តិការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ដល់​១​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ដល់​៦០​ម៉ឺន​រៀល ឬ​ផ្តន្ទាទោស​ណាមួយ​ក្នុងចំណោម​ទោស​ទាំងពីរ​។​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​នេះ បាន​កើតមានឡើង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹងធ្វើ​មហា​បាតុកម្ម​ជា​លើក​ទី​២​នៅ​ថ្ងៃទី​១៥-១៦-១៧ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខ មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត និង​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទៅ​ស្ថាប័ន​តុលាការ​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ ម្សិលមិញ​ដោយ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា បាន​លើកឡើងថា សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​នាពេលនេះ​គឺ​ហាក់ដូចជា​បានដាក់​សម្ពាធ​ទៅលើ​សកម្មភាព​នានា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ការគ្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​២​ថ្ងៃ​ខាងមុខ និង​ទាំង​ការ​ប្តឹងផ្តល់​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ទៅ​តុលាការ ហើយក៏​មានន័យថា ក្រុមប្រឹក្សាធម្មនុញ្ញ​បានដាក់​សម្ពាធ​ទៅលើ​ស្ថាប័ន​តុលាការ​ដើម្បី​កុំ​ឲ្យ​ចាត់ការ «​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​» លើ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដូច្នោះ​ដែរ ដែលជា​ប្រយោជន៍​ជួយ​ជ្រោមជ្រែង​ដល់​ស្ថាប័ន គ​.​ជ​.​ប ឲ្យ​បាន​រួចខ្លួន​ពី​បណ្តឹង​ចោទប្រកាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៕​

546967_416890588433069_1556379108_n

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.