កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ ម្សិលមិញនេះ គណបក្សសង្គ្រោះជាតិបានសម្រេចប្តឹងឯកឧត្តម អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ថា ថ្នាក់ដឹកនាំ គ.ជ.ប រូបនេះ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង បើទោះបីគណបក្សសង្គ្រោះជាតិតែងបានលើកឡើងជារឿយៗថា ស្ថាប័នតុលាការកម្ពុជា មិនឯករាជ្យ និងអសមត្ថភាពក៏ដោយ។
អាចនិយាយបានថា នេះគឺជាលើកទីមួយហើយ ដែលគណបក្សនយោបាយចូលរួមបោះឆ្នោតនៅកម្ពុជា ប្តឹងថ្នាក់ដឹកនាំ គ.ជ.ប ទៅស្ថាប័នតុលាការ ខណៈដែលមជ្ឈដ្ឋាននានាបានសង្កេតមើលឃើញថា ប្រព័ន្ធការងាររបស់ គ.ជ.ប មិនឯករាជ្យ និងអសមត្ថភាពអស់រយៈពេលចំនួន៤អាណត្តិមកហើយ។
ក្រៅអំពីករណីគណបក្សសង្គ្រោះជាតិប្តឹងមេ គ.ជ.ប ទៅតុលាការ ដោយឡែកសូម្បីតែយុវជនរបស់គណបក្សសង្គ្រោះជាតិអាយុ២៦ឆ្នាំ ម្នាក់ឈ្មោះ សួង សុភ័ណ្ឌ ដែលជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សសង្គ្រោះជាតិនៅមណ្ឌលខេត្តប៉ៃលិន «មិនបានជាប់ឆ្នោតនៅអាណត្តិទី៥នេះទេ» ក៏ធ្លាប់បានប្តឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរសខ្លាំងនៅកម្ពុជា ទៅតុលាការចំនួន២លើករួចមកហើយដែរ គឺលើកទី១ ប្តឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន ដែលធ្វើឲ្យពលរដ្ឋខ្មែរស្លាប់ចំនួន៣៥៣នាក់ និងរងរបួសជាង៤០០នាក់ នៅលើស្ពានពេជ្រ នៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ នារាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ និងលើកទី២ ប្តឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ បណ្តោយឲ្យជនជាតិវៀតណាមចូលមកកម្ពុជាដោយខុសច្បាប់។
ទោះយ៉ាងណាក៏ដោយបណ្តឹងទាំងពីរ របស់យុវជន សួង សុភ័ណ្ឌ ដែលប្តឹងប្រឆាំងនឹង «សម្តេចតេជោសែន» ត្រូវបានតុលាការសម្រេចតម្កល់រឿងទុកឥតចាត់ការទាំងអស់។
នាពេលថ្មីៗកន្លងទៅនេះ គណបក្សសង្គ្រោះជាតិបានដឹកនាំប្រជាពលរដ្ឋជាម្ចាស់ឆ្នោតរាប់ម៉ឺននាក់ធ្វើមហាបាតុកម្មមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត យ៉ាងគគ្រឹកគគ្រេង នៅរាជធានីភ្នំពេញ ហើយត្រៀមនឹងធ្វើមហាបាតុកម្មសាជាថ្មីនៅថ្ងៃទី១៥-១៦-១៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះទៀតបើទោះបីញត្តិនៃការធ្វើមហាបាតុកម្មលើកទី១ មិនត្រូវបានគណបក្សកាន់អំណាច និង គ.ជ.ប ពិចារណា និងសម្រេចដោះស្រាយក៏ដោយ។
អនុលោមតាមស្ថានភាពជាក់ស្តែងដែលបានជួបប្រទះនាពេលកន្លងមក និងតាមរបៀបរបបធ្វើការរបស់ស្ថាប័នតុលាការនៅកម្ពុជា គឺមជ្ឈដ្ឋាននានាបានទស្សន៍ទាយទុកជាមុនថា តុលាការនឹងសម្រេចតម្កល់រឿងទុកឥតចាត់ការទៅលើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលប្តឹងមេ គ.ជ.ប ក្នុងរឿងព្រហ្មទណ្ឌមិនខាន ដោយតុលាការអាចនឹងយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីដោះបន្ទុកឲ្យជនសង្ស័យជាមន្ត្រីធំៗរបស់ គ.ជ.ប ទាក់ទងនឹងរឿងបោះឆ្នោត។
មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជាបានលើកឡើងថា ទោះបីមហាបាតុកម្មក្តី និងពាក្យបណ្តឹងក្តីរបស់គណបក្សសង្គ្រោះជាតិមិនត្រូវបានគណបក្សកាន់អំណាច និងតុលាការដោះស្រាយក៏ដោយ ក៏បានបង្ហាញឲ្យឃើញថា គណបក្សប្រឆាំងបាននិងកំពុងសាកល្បងបណ្តុះគ្រាប់ពូជលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យរីកដុះដាលសម្រាប់ទុកឲ្យប្រជាពលរដ្ឋខ្មែរបានពិចារណា និងស្វែងយល់អំពីអត្ថប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៕