ខណៈដែលថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សនយោបាយធំៗទាំងពីរ ដែលមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥បានយាងនិងអញ្ជើញទៅទទួលព្រះរាជដំណើរយាងនិវត្តន៍របស់អង្គព្រះមហាក្សត្រនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាថ្ងៃម្សិលមិញនោះ ត្រូវបានប្រភពព័ត៌មានរាយការណ៍មកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពលនិងជាបេក្ខជននាយករដ្ឋមន្ត្រីអាណត្តិទី៥ និងឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្រោះជាតិដ៏មានប្រជាប្រិយភាព មិនបានជួបជជែកគ្នាដោយផ្ទាល់ទេក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នារវាងគណបក្សនយោបាយទាំងពីរនេះទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោត។
ក្រុមអ្នកសារព័ត៌មានបានតាមប្រមាញ់យ៉ាងប្រកិតក្រែងមានឳកាសជំនួបរវាង«សម្តេចតេជោសែន»បុរសខ្លាំងនៃកម្ពុជានិងឯកឧត្តម សម រង្ស៊ី ព្រោះចង់ដឹងអំពីការវិវឌ្ឍផ្នែកនយោបាយនៅកម្ពុជាក្រោយការប្រកាសលទ្ធផលឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបង្ហាញថា ណណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតក្នុងសំឡេងភាគច្រើនដាច់ខាតនិងការប្រជុំរដ្ឋសភាលើកដំបូងនៅពេលខាងមុខ។
ងាកត្រឡប់ថយក្រោយនិយាយអំពីរឿងរបស់ឯកឧត្តមសម រង្ស៊ី និង«សម្តេចតេជោសែន»បន្តិចវិញ គឺឯកឧត្តមសម រង្ស៊ី ធ្លាប់បានទទួលរងការធ្វើទុក្ខបុកម្នេញពីគណបក្សប្រជាជនកម្ពុជាធ្ងន់ធ្ងរយ៉ាងតិចចំនួនពីរលើករួចមកហើយៗក៏ធ្លាប់និរទេសខ្លួនទៅបរទេសដើម្បីគេចឲ្យផុតពីសំណាញ់ច្បាប់ដែលមិនឯករាជ្យរបស់កម្ពុជា ប៉ុន្តែទទួលបានការលើលលែងទោសពីអង្គព្រះមហាក្សត្រតាមសំណើរទួលថ្វាយរបស់បុរសខ្លាំងនៅកម្ពុជាវិញដល់ទៅចំនួនពីរលើកដែរ។តួយ៉ាង ដូចជាការលើកលែងទោសកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះស្រប់។
មានន័យថា មុននឹងឈានដល់ការលើកលែងទោសជូនឯកឧត្តម សម រង្ស៊ី នោះគឺបុរសខ្លាំងនៃកម្ពុជាសុទ្ធតែមានការប្រាស្រ័យជាមួយឯកឧត្តម សម រង្ស៊ី រួចជាស្រេចហើយប៉ុន្តែមិនសាធារណៈ។ដូច្នេះ រវាង«សម្តេចតេជោសែន»និងឯកឧត្តម សម រង្ស៊ី ឋិតនៅមិនឆ្ងាយពីគ្នាទេ ពីព្រោះអ្នកទាំងពីរជាអ្នកនយោបាយខ្មែរដូចគ្នា ពិតជាអាចនិយាយស្តាប់គ្នាបានតាមគោលនយោបាយរបស់បក្សរៀងៗខ្លួននិងតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ ប្រសិនបើអ្នកនយោបាយទាំងពីរ«ចង់»។
សរុបសេចក្តីមករវាងឯកឧត្តម សម រង្ស៊ី និង«សម្តេចតេជោសែន»ទោះបីមិនទាន់បានជួបមុខនិងនិយាយគ្នាដោយផ្ទាល់ឲ្យអ្នកកាសែតថតរូបបានក៏ដោយ ក៏មានន័យដែរឲ្យតែចិត្តគំនិតនយោបាយរបស់អ្នកទាំងពីរឋិតនៅជាមួយគ្នា តម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំដូចគ្នា វាជាការស្រេចទៅហើយៗស្ថានភាពនយោបាយនៅកម្ពុជាក៏នឹងមានការវិវឌ្ឍទៅរកភាពល្អប្រសើរនៅពេលខាងមុខជាក់ជាមិនខាន៕