ថ្វីដ្បិតគណបក្សសង្គ្រោះជាតិទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ "២០១៣-២០១៨"ចំនួន៥៥អាសនៈ ឬមានបេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រចំនួន៥៥រូប តាមការប្រកាសលទ្ធផលឆ្នោតផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" ក៏ដោយ ក៏ឯកឧត្តម សម រង្ស៊ី ក្នុងនាមជាប្រធានគណបក្សដ៏មានប្រជាប្រិយភាពទាំងមូល មិនមានឈ្មោះជាប់ជាអ្នកតំណាងរាស្ត្រនីតិកាលថ្មីនេះទេ ។
បន្ទាប់ពីទទួលបានការលើកលែងទោសដោយព្រះមហាក្សត្រតាមសេចក្តីទូលថ្វាយស្នើសុំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបុរសខ្លាំងនៃកម្ពុជា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ និងបានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣រួចមក ឯកឧត្តម សម រង្ស៊ី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទាមទារឲ្យមានការដាក់បញ្ចូលឈ្មោះឯកឧត្តមក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តកណ្តាល និងស្នើសុំអភ័យឯកសិទ្ធិ និងបុព្វសិទ្ធិជាតំណាងរាស្ត្ររបស់ឯកឧត្តមដែលបានបាត់បង់មកឡើងវិញ ប៉ុន្តែត្រូវបានច្រានចោលជាបន្តបន្ទាប់ដោយ គ.ជ.ប រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ។
តាមរយៈនៃការខិតខំប្រឹងប្រែងឈ្មុសឈ្មុលនេះ បានសបញ្ជាក់ឲ្យឃើញថា មិនមែនឯកឧត្តម សម រង្ស៊ី ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិទាំងមូលមិនចង់ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ឬបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនោះទេ គឺចង់ណាស់ ប៉ុន្តែមិនមានឱកាសទទួលបាន ។
ដូច្នេះ ប្រសិនបើគណបក្សសង្គ្រោះជាតិដើរតួធ្វើជាគណបក្សនយោបាយប្រឆាំងនៅក្នុងរដ្ឋសភា គឺឯកឧត្តម សម រង្ស៊ី គ្មានឈ្មោះជាអ្នកតំណាងរាស្ត្រទេ បានត្រឹមមានឈ្មោះជាប្រធានគណបក្សប៉ុណ្ណោះ ។ ផ្ទុយទៅវិញ បើគណបក្សសង្គ្រោះជាតិព្រមព្រៀងធ្វើរាជរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាច គឺឯកឧត្តម សម រង្ស៊ី ក៏ពិបាកនឹងទទួលបានមុខតំណែងធំដុំក្នុងជួររាជរដ្ឋាភិបាលដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី ឲ្យស័ក្តិសមនឹងប្រជាប្រិយភាព និងចំណេះដឹងរបស់ឯកឧត្តមនោះដែរ ពីព្រោះឯកឧត្តម សម រង្ស៊ី គ្មានឈ្មោះជាប់ឆ្នោតជាបេក្ខជនតំណាងរាស្ត្រ ។
តើទីតាំងនយោបាយសមស្របណាមួយទៅសម្រាប់ឯកឧត្តម សម រង្ស៊ី បើសមាជិករដ្ឋសភាក៏មិនអាច និងសមាជិករាជរដ្ឋាភិបាលក៏មិនអាច ?
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកតាមដានព្រឹតិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា រឿងធ្វើជាអ្នកតំណាងរាស្ត្រសម្រាប់ឯកឧត្តម សម រង្ស៊ី គឺហួសពេលហើយ ដ្បិតឯកឧត្តម សម រង្ស៊ី មិនមានឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ប៉ុន្តែបើធ្វើជាទីប្រឹក្សារដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ឬជាប្រធានស្ថាប័នផ្សេងទៀតនឹងអាចទៅរួច ប្រសិនបើឯកឧត្តម សម រង្ស៊ី ចង់ និងយល់ព្រម និងក្នុងករណីភាគីគណបក្សប្រជាជនកម្ពុជាសម្បទានបាន ។ មានន័យថា ទីតាំងនយោបាយសម្រាប់ឯកឧត្តម សម រង្ស៊ី ត្រូវតែមានការពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជាជាដាច់ខាត ដោយមិនអាចមើលរំលងបានឡើយ វៀរលែងតែឯកឧត្តម សម រង្ស៊ី ចង់ធ្វើត្រឹមប្រធានគណបក្សសង្គ្រោះជាតិមួយមុខគត់ ។
ក្រុមអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានលើកឡើងថា ក្នុងករណីឯកឧត្តម សម រង្ស៊ី មិនមានឈ្មោះជាសមាជិករដ្ឋសភាក៏ដោយ ក៏ក្នុងនាមជាប្រធានគណបក្សនយោបាយប្រឆាំងដ៏ធំទាំងមូល ក៏អាចជួយជាតិ និងប្រជាពលរដ្ឋបានដែរ តាមរយៈយន្តការនៃការឃ្លាំមើល និងការរិះគន់ស្ថាបនា ដែលការរិះគន់នេះនឹងមិនមានភាពទើសទាល់ទៀតផង ។ លើសពីនេះ ឯកឧត្តម សម រង្ស៊ី អាចនឹងជាប់ឈ្មោះជាវីរបុរសគណបក្សសង្គ្រោះជាតិ និងក្នុងដួងចិត្តប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាច្រើនលាននាក់ ដោយសារតែឯកឧត្តមធ្វើនយោបាយមិនយកលាភសក្ការៈ និងបុណ្យស័ក្តិជាត្រីមុខ ៕