ភ្លៀងស្រោចស្រពតែត្រឹមមួយមេមកលើរាជធានីភ្នំពេញ "ទីក្រុងគុជ" កាលពីថ្ងៃម្សិលម្ង៉ៃ ធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនឹកឃើញភ្លាមទៅដល់ឯកឧត្តម កែប ជុតិមា បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលរាជធានៅភ្នំពេញ និងជាអតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ប៉ា សុជាតិវង្ស អតីតអភិបាលរង និងបច្ចុប្បន្នជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាពិសេសនឹកទៅដល់ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែម្តង ដែលតែងតែអះអាងថា "អភិវឌ្ឍន៍គ្រប់វិស័យ" ដ្បិតទឹកភ្លៀងមួយមេនេះធ្វើឲ្យរាជធានីភ្នំពេញទទួលរងការជន់លិចជាច្រើនកន្លែង រហូតឈានដល់ថ្នាក់ទូរទស្សន៍អន្តរជាតិស៊ីអិនអិន"CNN"ចាប់អារម្មណ៍ចុះផ្សាយថែមទៀត ។
រឿងទឹកភ្លៀងបង្អុរមកច្រើនធ្វើឲ្យលិចទីក្រុង គឺប្រទេសដទៃទៀតក៏ធ្លាប់ជួបប្រទះដែរ ប៉ុន្តែបណ្តាប្រទេសទាំងនោះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូបង្ហូរទឹករបស់គេមិន"ធ្វើជាប់" ដូចប្រទេសកម្ពុជាយើងទេ រីឯកនៅកម្ពុជាយើងអភិវឌ្ឍន៍ជាប់ទាំងលូទឹក ទាំងផ្លូវ ទាំងអគ្គិសនី ទាំងទឹកស្អាត ប៉ុន្តែទឹកកខ្វក់នៅតែលិចទីក្រុង ផ្លូវនៅតែខូចឥតឈប់ អគ្គិសនីនៅតែដាច់ ទឹកស្អាតនៅតែក្លាយជាទឹកកខ្វក់ម្តងៗ…ខណៈមន្ត្រីអនុវត្តន៍គម្រោងបានប្រមូលលុយដាក់ហោប៉ៅជាប់ឥតឈប់ឈរ ។
កាលជំនាន់ឯកឧត្តម កែប ជុតិមា ធ្វើជាចៅហ្វាយក្រុងចុះថាយ៉ាប់ទៅហើយ តែមកដល់ជំនាន់ឯកឧត្តម ប៉ា សុជាតិវង្ស នៅដដែល និងយ៉ាប់ជាងមុនទៅទៀត គឺពូកែខាងអួត និងពូកែខាងយកទឹកបាញ់បំបែកក្រុមបាតុករទាមទាររកយុត្តិធម៌…។ល។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា រវាងឯកឧត្តម កែប ជុតិមា ជាចៅហ្វាយក្រុងចាស់ និងឯកឧត្តម ប៉ា សុជាតិវង្ស ជាចៅហ្វាយក្រុងថ្មី ត្រូវតែដូចគ្នា ឬកាត់តាមគ្នា ឬក៏អាចយ៉ាប់ជាងមុន ពីព្រោះមន្ត្រីទាំងពីររូបនេះជាសមាជិកគណបក្សប្រជាជនកម្ពុជាសំខាន់ដូចគ្នា ជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រីដូចគ្នា និងជាពិសេសកាលជំនាន់ឯកឧត្តម កែប ជុតិមា ធ្វើជាចៅហ្វាយក្រុង គឺឯកឧត្តម ប៉ា សុជាតិវង្ស ក៏ជាអភិបាលរងក្រុងធ្លាប់ដឹងឮអំពីការអនុវត្តគម្រោងនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែរ ។
ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅរាជធានីភ្នំពេញ បានសាកល្បងបោះឆ្នោតផ្លាស់ប្តូរមន្ត្រីដឹកនាំគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលរាជធានីភ្នំពេញដែរ ដើម្បីចង់បានថ្នាក់ដឹកនាំថ្មីមកពីគណបក្សសង្គ្រោះជាតិ "គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន២៥៧.៣៥១សំឡេង ស្មើនឹង៥អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន៣៨២.៨៨០សំឡេង ស្មើនឹង៧អាសនៈ" ប៉ុន្តែជាក់ស្តែងគ្មានសង្ឃឹមថានឹងបានផ្លាស់ប្តូរតាមគោលបំណងនោះទេ ពីព្រោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបុរសខ្លាំងនៃកម្ពុជានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីអាណត្តិទី៥តទៅទៀត ដែលជម្រើសចុងក្រោយមានតែរង់ចាំ៥ឆ្នាំទៀតតែប៉ុណ្ណោះ ៕