អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានសម្តែងនូវការភ្ញាក់ផ្អើលផង និងហួសចិត្តផងនៅពេលដែលឮថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជា ជាង៣០ឆ្នាំ ធ្វើការវាយតម្លៃថា មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ទទួលបាន «ជោគជ័យ»។
តើមានអ្វីជាអាថ៌កំបាំងឋិតនៅពីក្រោយពាក្យថា «ជោគជ័យ» ដែលមន្ត្រីគណបក្សនយោបាយកាន់អំណាចផ្តល់ពិន្ទុឲ្យមហាបាតុកម្មរបស់គណបក្សនយោបាយប្រឆាំងបែបនេះ និងម្យ៉ាងទៀត តើគណបក្សនយោបាយកាន់អំណាចមានបានយល់ច្បាស់លាស់ទេ នូវគោលបំណងឬកម្មវត្ថុចម្បងនៃការធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងទើបធ្វើការសន្និដ្ឋានថា មហាបាតុកម្មកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៣ ទទួលបានជោគជ័យ?
មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដឹកនាំដោយឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្សកាលពីថ្ងៃទី០៧ ខែកញ្ញា ដែលមានមនុស្សម្នាចូលរួមរាប់ម៉ឺននាក់នោះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រសរុបទូទាំងប្រទេសចំនួន៣.២៣៥.៩៦៩សំឡេង «ស្មើនឹង៦៨អាសនៈ» និងគណបក្សសង្គ្រោះជាតិទទួលបានចំនួន២.៩៤៦.១៧៦សំឡេង «ស្មើនឹង៥៥អាសនៈ» និងបន្ទាប់ពីបណ្តឹងតវ៉ាលទ្ធផលឆ្នោតព្រមទាំងសំណើសុំបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មិនត្រូវបានដោះស្រាយ ឬការដោះស្រាយមិនអាចទទួលយកបាន។
គោលបំណងឬកម្មវត្ថុពិតប្រាកដដែលចែងជាលាយលក្ខណ៍អក្សររបស់មហាបាតុកម្មនៃគណបក្សសង្គ្រោះជាតិ គឺទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោត ដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងស្នើសុំឲ្យ គ.ជ.ប ពន្យារពេលប្រកាសលទ្ធផលឆ្នោតផ្លូវការដែលគ្រោងធ្វើនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣។
លទ្ធលជាក់ស្តែង គឺទោះបីគណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មនៅថ្ងៃទី០៧ ខែកញ្ញា កន្លងមករួចហើយក្តី ក៏ គ.ជ.ប នៅតែប្រកាសលទ្ធផលឆ្នោតផ្លូវការដដែល នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ ដែលលទ្ធផលឆ្នោតនេះ គ្មានខុសអ្វីមួយសន្លឹកទៅនឹងលទ្ធផលឆ្នោតបណ្តោះអាសន្នឡើយ កុំនិយាយដល់ធ្វើឲ្យប្រែប្រួលចំនួន១អាសនៈ នៅក្នុងរដ្ឋសភានីតិកាលថ្មី និងម៉្យាងទៀតគណៈកម្មការចម្រុះ ឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ក៏មិនត្រូវបានគណបក្សកាន់អំណាចយកទៅពិចារណា និងដោះស្រាយដែរ។
តើនេះឬដែលហៅថា ជាលទ្ធផលជោគជ័យនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដូចការអះអាងរបស់មន្ត្រីថ្នាក់ធំគណបក្សប្រជាជនកម្ពុជា ដូចជា ឯកឧត្តម ស ខេង និងឯកឧត្តម កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា «ទទក» ជាដើមនោះ?
ចំណុចមួយទៀតដែលត្រូវពិចារណា គឺដោយសារសំណើរបស់គណបក្សសង្គ្រោះជាតិមិនត្រូវបានដោះស្រាយ ឬអាចនិយាយថា ស្មារតីនៃមហាបាតុកម្មថ្ងៃទី០៧ ខែកញ្ញា របស់គណបក្សប្រឆាំងកន្លងមកមិនទទួលបានជោគជ័យ ទើបគណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្មសាជាថ្មីនៅថ្ងៃទី១៥-១៦-១៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខ។
ក្រុមអ្នកច្បាប់នៅកម្ពុជា បាននិយាយថា គេមិនអាចសន្និដ្ឋានឬវាយតម្លៃថា មហាបាតុកម្មរបស់គណបក្សសង្គ្រោះកាលពីថ្ងៃទី០៧ ខែកញ្ញា កន្លងមកទទួលបានជោគជ័យនោះទេ ប៉ុន្តែគេអាចនិយាយបានថា ជាមហាបាតុកម្មដែលប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរតាមគម្រោងដែលបានគ្រោងទុក ពីព្រោះ គ.ជ.ប នៅតែប្រកាសលទ្ធផលឆ្នោតផ្លូវការដែលជាលទ្ធផលគ្មានអ្វីប្រែប្រួលទាល់តែសោះ បើធៀបទៅនឹងលទ្ធផលឆ្នោតបណ្តោះអាសន្ន និងគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតតាមសំណើសុំរបស់គណបក្សប្រឆាំងក៏មិនទាន់ត្រូវបានសោះស្រាយនៅឡើយដែរ។
មជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ការផ្តល់ពិន្ទុ «ជោគជ័យ» ឲ្យមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដោយមន្ត្រីរបស់គណបក្សកាន់អំណាចនោះ គឺវិធីសាស្ត្រ និងចិត្តសាស្ត្រមួយដើម្បីលួងលោមបន្ទន់ចិត្តគណបក្សប្រឆាំង និងអ្នកគាំទ្រឲ្យស្ងប់អារម្មណ៍ សប្បាយអរ ទទួលយកលទ្ធផលនៃមហាបាតុកម្មកាលពីថ្ងៃទី០៧ ខែកញ្ញា ដែលមិនទាន់ «ជោគជ័យ» និងអាចនាំឲ្យមានការលះបង់គម្រោងធ្វើមហាបាតុកម្មសាជាថ្មីនៅថ្ងៃទី១៥-១៦-១៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខប៉ុណ្ណោះ។
ទាំងនេះគឺជាឧបាយកលដ៏ជ្រាលជ្រៅរបស់អ្នកនយោបាយនៅក្នុងគណបក្សកាន់អំណាច ដែលទាមទារឲ្យអ្នកនយោបាយឋិតនៅក្នុងគណបក្សប្រឆាំងធ្វើការពិចារណាឲ្យបានដិតដល់ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុត៕
នេះជាការផ្តល់ពិន្ទុរបស់ឯកឧត្តម កឹម គុណវឌ្ឍន៍ លើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ថ្ងៃ០៧ ខែកញ្ញា