កាលពីដើមខែកញ្ញា ឆ្នាំ២០១៣នេះ ស្ត្រីជនជាតិស្វីស ម្នាក់បានទទួលរងរបួសឆេះរលាកខ្លោចភ្លៅខាងស្តាំរបស់នាងដោយសារតែការផ្ទុះទូរស័ព្ទដៃទំនើបម៉ាក Samsung Galaxy S3 ដែលដាក់នៅក្នុងហោប៉ៅខោ។
ហេតុការណ៍ផ្ទុះទូរស័ព្ទដៃទំនើបម៉ាក Samsung Galaxy S3 នេះ ត្រូវបាននាង Fanny Schlatter ជនជាតិស្វីស អាយុ១៨ ឆ្នាំ បញ្ជាក់ថា នៅពេលនាងកំពុងធ្វើការជាធម្មតា នាងក៏បានយកទូរស័ព្ទដៃរបស់នាងម៉ាក Samsung Galaxy S3 ដាក់ក្នុងហោប៉ៅខោ ស្រាប់តែវាផ្ទុះឡើងធ្វើឲ្យរហែកខោ ខ្ទេចខ្ទី និងធ្វើឲ្យនាងរងរបួសឆេះរលាកខ្លោចភ្លៅខាងស្តាំយ៉ាងធ្ងន់ធ្ងរបន្សល់ទុកនូវស្លាកស្នាមទល់សព្វថ្ងៃ។
តាមកំណត់ត្រាបានបង្ហាញថា ទូរស័ព្ទដៃទំនើបម៉ាក Samsung បានទទួលរងការផ្ទុះចំនួន៣លើករួចមកហើយ គឺលើកទី១ នៅខែមករា ឆ្នាំ២០១២ ដែលបុរសជនជាតិ Dublin ម្នាក់អះអាងថា ទូរស័ព្ទ Samsung Galaxy S3 របស់គាត់បានផ្ទុះនៅក្នុងរថយន្ត លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០១២ បុរសជនជាតិកូរ៉េម្នាក់អះអាងថា ថ្មទូរស័ព្ទ Samsung Galaxy Note របស់គាត់ត្រូវបានផ្ទុះឆេះ និងលើកទី៣នេះ នារីវ័យក្មេងជនជាតិស្វីសទទួលរងការឆេះរលាកខ្លោចភ្លៅដោយសារការផ្ទុះទូរស័ព្ទ Samsung Galaxy S3។
ដូច្នេះ សូមអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបម៉ាក Samsung ទាំងអស់មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ដូចជាពេលកំពុងសាកថ្ម និងពេលកំពុងទទួលនិយាយទូរស័ព្ទ៕