ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលមានចែងអំពីស្ថាប័នប្រឆាំងអំពើពុករលួយរួមមាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១០១០។
អនុលោមតាមមាត្រា១៧ដល់មាត្រា២០នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺបានតម្រូវឲ្យបុគ្គលពាក់ព័ន្ធមួយចំនួនធ្វើការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួន។
នៅមុនពេលមិនទាន់មានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយសម្រាប់យកមកប្រើប្រាស់ គឺមានសេដ្ឋីឧកញ៉ា អ្នកមានទ្រព្យសម្បត្តិជាច្រើនដែលគ្មានតួនាទី មុខតំណែងក្នុងរាជការបានចំណាយលុយកាក់ផ្ទាល់ខ្លួនសម្រុកសុំធ្វើជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំស្ថាប័នជាតិដូចជា ទីប្រឹក្សាប្រធានព្រឹទ្ធសភា ទីប្រឹក្សាប្រធានរដ្ឋសភា ទីប្រឹក្សានាយករដ្ឋមន្ត្រី…។ល។ដើម្បីទទួលបានងារជាឯកឧត្តម ឬលោកជំទាវ ព្រមទាំងមានឥទ្ធិពលអំណាចថែមទៀត ទោះបីការធ្វើជាទីប្រឹក្សានេះមិនទទួលយកប្រាក់បៀវត្សរ៍ក៏ដោយ។
លុះដល់ពេលមានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចេញមកប្រើប្រាស់នោះ ស្រាប់តែអ្នកមានទ្រព្យសម្បត្តិជាឧកញ៉ាភាគច្រើនបានដាក់ពាក្យដកខ្លួនថយសុំឈប់ធ្វើជាទីប្រឹក្សាថ្នាក់ដឹកនាំវិញជាហូរហែ ដោយសារមិនចង់ធ្វើការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួនជូនអង្គភាពប្រឆាំងអំពើពុករលួយដូចមានចែងនៅក្នុងច្បាប់កំណត់ ជាអាទិ៍ ឧកញ៉ា គិត ធៀង ឧកញ៉ា ដូង ឈីវ ជាប្រធានសមាគមចិននៅកម្ពុជា ឧកញ៉ា សាត ណាវី…។ល។ វៀរលែងតែ សេដ្ឋីឧកញ៉ាមួយចំនួនដែលមានតួនាទីក្នុងស្ថាប័នរដ្ឋស្រាប់ដូចជា ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ឡាវ ម៉េងឃីន ឧកញ៉ា កុក អាន ឧកញ៉ា សៀង ណាំ ឧកញ៉ា អ៊ឺង ប៊ុនហ៊ូវ ឧកញ៉ា ប៉ោ ទ្រី…ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងឧកញ៉ាមួយចំនួនទៀតដែលមានតួនាទីជាទីប្រឹក្សានាយករដ្ឋមន្ត្រី ដូចជា ឧកញ៉ា ពុង ឃាវសែ ជាថៅកែកោះពេជ្រ និងធនាគារកាណាឌីយ៉ា ជាដើម គឺពួកគេមិនញញើតនិងខ្លាចក្នុងការប្រកាសទ្រព្យសម្បត្តិស្ងាត់ៗលួចលាក់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ដូច្នេះ ត្រូវចោទជាសំណូរថា តើហេតុអ្វីបានជាឧកញ៉ាសេដ្ឋីអ្នកមាននៅស្រុកខ្មែរភាគច្រើនមិនចង់ធ្វើការប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួនជូនអង្គភាពប្រឆាំងអំពើពុករលួយ?
មានហេតុផលសំខាន់ៗចំនួនពីរ ត្រូវបានមជ្ឃដ្ឋានអ្នកវិភាគកិច្ចការសង្គមនិងកិច្ចការច្បាប់នៅកម្ពុជាធ្វើការឆ្លើយនូវសំណួរនេះដូចខាងក្រោម៖
១-ទ្រព្យសម្បត្តិលុយកាក់របស់សេដ្ឋីឧកញ៉ានៅកម្ពុជាភាគច្រើន រកបាននៅក្នុងសង្គមមួយដែលពោរពេញទៅដោយអំពើពុករលួយ ជាហេតុធ្វើឲ្យគេសង្ស័យថាមានលុយកាក់មួយចំនួនធំជាប់ពាក់ព័ន្ធនឹងលុយកខ្វក់ លុយពុករលួយ។ដូច្នេះ លុយកខ្វក់ឬលុយខ្មៅបានមកពីអំពើពុករលួយគឺពិបាកនឹងបញ្ចេញឲ្យដឹងណាស់ អាចត្រឹមរក្សាទុកដើម្បីលាងលុយបន្តទៀតប៉ុណ្ណោះ។រីឯអ្នកហ៊ានបញ្ចេញលុយពុករលួយ លុះត្រាតែមានបណ្តាញបក្ខពួកគួរឲ្យទុកចិត្តបានបំផុត។
២-អង្គភាពប្រឆាំងអំពើពុករលួយ មិនមានលក្ខណៈឯករាជ្យនិងអាចជឿទុកចិត្តបាន ពីព្រោះថ្នាក់ដឹកនាំអង្គភាពនេះគឺ ឯកឧត្តម បណ្ឌិត ឳម យ៉ិនទៀង ជាទីប្រឹក្សាផ្ទាល់បុរសខ្លាំងនាយករដ្ឋមន្ត្រី មានឋានៈស្មើទេសរដ្ឋមន្ត្រីផង ជាគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាផង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបម្រើការងារឲ្យរាជរដ្ឋាភិបាលផ្ទាល់ផង និងជាអនុប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដែលមិនសូវយុត្តិធម៌ផង…។ ដូច្នេះ អ្នកមានទ្រព្យសម្បត្តិភាគច្រើន«លើកលែងតែមន្ត្រីរាជការដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុល»មិនចង់ប្រឡាក់ប្រឡូសជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយដែលធ្វើការបម្រើឲ្យបក្ខពួកនិយមនឹងការពារផលប្រយោជន៍អ្នកមានអំណាចនោះទេ។និយាយឲ្យខ្លី គឺអង្គភាពប្រឆាំងអំពើពុករលួយជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបុរសខ្លាំងនៃកម្ពុជា។មានតែប្រព័ន្ធរួមរបស់គណបក្សប្រជាជនកម្ពុជាទេដែលភាគច្រើនអាចធ្វើការជាមួយគ្នា យល់ចិត្តគ្នានិងសមគំនិតជាមួយគ្នាបាន។
សរុបសេចក្តីមក ទ្រព្យសម្បត្តិនិងបំណុលរបស់សេដ្ឋី ឧកញ៉ានៅស្រុកខ្មែរដែលបច្ចុប្បន្ននេះក៏អាចមានប្រភពចេញមកពីមន្ត្រីរាជការផងដែរ«ជាមន្ត្រីផងនិងមានឈ្មោះជាឧកញ៉ាផង ទាំងប្តី ទាំងប្រពន្ធក៏មាន»ពិបាកនឺងដឹងព្រមទាំងគ្រប់គ្រងបានណាស់ ពីព្រោះអ្វីៗប្រព្រឹត្តទៅសុទ្ធតែមានលក្ខណៈក្រៅប្រព័ន្ធទាំងអស់ គឺអនាធិបតេយ្យដូចការចរាចរប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារស្រុកខ្មែរអ៊ីចឹងដែរ ទោះតាមធនាគារក៏ពិបាកទុកចិត្ត អង្គភាពប្រឆាំអំពើពុករលួយក៏ពិបាកទុកចិត្តនិងមន្ត្រីរាជការទាំងផ្នែកនយោបាយ ទាំងផ្នែកមុខងារសាធារណៈក៏ពិបាកទុកចិត្តដូចគ្នា។
ទាំងនេះគឺជាចំណុចអសកម្មនាពេលកន្លងមក ដែលតម្រូវឲ្យមានការកែទម្រង់ប្រព័ន្ធអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីខាងមុខ៕