ឯកឧត្តម លន់ ភុន អាយុ៥៥ឆ្នាំ អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងអាណត្តិទី២នៅមណ្ឌលខេត្តបាត់ដំបង «អតីតគណបក្សសម រង្ស៊ី» បាននិងកំពុងប្រឈមនឹងបញ្ហាសុខភាពបន្ទាប់ពីបានចុះចូលទៅបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជាអស់រយៈពេល៥ឆ្នាំ កន្លងមក។
ការចុះចូលរបស់ឯកឧត្តម លន់ ភុន នៅក្នុងគណបក្សប្រជាជនកម្ពុជា នាអាណត្តិទី៤ បានទទួលមុខតំណែងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
ប៉ុន្តែ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅថ្មីៗនេះ ដោយមានបញ្ហាសុខភាពឯកឧត្តម លន់ ភុន ដែលជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានដាក់ពាក្យសុំសម្រាកពីការងារបំពេញតួនាទីជូនគណបក្សប្រជាជនកម្ពុជាហើយ បន្ទាប់ពីឯកឧត្តមរូបនេះ បានបំពេញការងារជូនគណបក្សកាន់អំណាចអស់រយៈពេល៥ឆ្នាំ ដោយទទួលខុសត្រូវលើមូលដ្ឋានជាច្រើនដូចជា ខេត្តកណ្តាល ខេត្តកំពត រាជធានីភ្នំពេញ និងខេត្តកំពង់ចាម ជាដើមរួចមក។
សូមបញ្ជាក់ជូនថា ឯកឧត្តម លន់ ភុន ធ្លាប់បានធ្វើជាអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៅមណ្ឌលខេត្តបាត់ដំបង នាអាណត្តិទី២ «១៩៩៨-២០០៣»។ នៅអាណត្តិទី៣ «២០០៣-២០០៨» ឯកឧត្តម លន់ ភុន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១របស់គណបក្សប្រឆាំងនៅមណ្ឌលខេត្តស្វាយរៀង តែមិនទទួលបានលទ្ធផលជាប់ឆ្នោតទេ។
លុះក្រោយមកនៅអាណត្តិទី៤ «២០០៨-២០១៣» ឯកឧត្តម លន់ ភុន ក៏បានចុះចូលបម្រើជីវភាពនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា ដោយទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ រហូតមកដល់ពេលសុំសម្រាកពីការងារក្នុងគណបក្សកាន់អំណាចនាពេលនេះតែម្តង។
គេមិនទាន់ដឹងច្បាស់ថា ឯកឧត្តម លន់ ភុន នឹងបន្តធ្វើនយោបាយតទៅទៀតឬយ៉ាងណានោះទេ បន្ទាប់ពីសុំសម្រាកពីការងារក្នុងគណបក្សប្រជាជនកម្ពុជា ដោយបញ្ហាសុខភាពផ្ទាល់ខ្លួននេះ៕