នៅវេលាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ តំណាងគណបក្សសង្គ្រោះជាតិ និងជាអ្នកដឹកនាំបាតុកម្មគឺឯកឧត្តម ម៉ៅ មុនីវណ្ណ, ឯកឧត្តម ហូរ វ៉ាន់ និងឯកឧត្តម គួយ ប៊ុនរឿន បានធ្វើលិខិតផ្លូវការជូនដំណឹងស្តីពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យទៅឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួចហើយ។
លិខិតរបស់អ្នកដឹកនាំបាតុកម្មបានលើកឡើងថា គណបក្សសង្គ្រោះជាតិនឹងរៀបចំធ្វើមហាបាតុកម្មអហិង្សាសម្តែងឆន្ទៈរបស់មហាជនខ្មែរក្នុងការទាមទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
អ្នកដឹកនាំបាតុកម្មបានបញ្ជាក់ក្នុងលិខិតជូនដំណឹងនោះដែរថា មហាបាតុកម្មអហិង្សាដោយសន្តិវិធីនេះនឹងប្រារពធ្វើមានរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមជួបជុំគ្នាពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី១៥ រហូទដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានការសម្តែងមតិរបស់បាតុករ ការសម្តែងសិល្បៈ ចម្រៀង និងការបញ្ចាំងខ្សែភាពយន្តឯកសារ ការអង្គុយដោយស្ងៀមស្ងាត់ ព្រមទាំងការស្នាក់នៅ នៅលើទីលានប្រជាធិបតេយ្យ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មហាបាតុកម្មអហិង្សានេះ ដឹកនាំដោយលោកប្រធាន និងលោកអនុប្រធានព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដោយមានបាតុកររាប់ម៉ឺននាក់អញ្ជើញចូលរួម៕