នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ លោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតផ្លូវការមួយច្បាប់គោរពជូនលោកប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា «GMAC» ស្នើសុំឲ្យជួយអន្តរាគមន៍ដល់ថៅកែរោងចក្រកាត់ដេរនិងផលិតស្បែកជើងផ្អាកចង្វាក់ផលិតកម្មរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ ដើម្បីការពារហានិភ័យកើតឡើងពេលមានមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
លិខិតផ្លូវការរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានកម្មករខ្លះត្រូវបានឪពុកម្តាយ បងប្អូន ប្រាប់ឲ្យវិលទៅផ្ទះសម្បែងក្នុងស្ថានភាពនយោបាយមិននឹងន និងកម្មករភាគច្រើនទៀតបានបង្ហាញអំពីជំហរចូលរួមធ្វើមហាបាតុកម្មជាមួយគណកប្សសង្គ្រោះជាតិរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។ ក្នុងស្ថានភាពបែបនេះ សហជីពមានការព្រួយបារម្ភអំពីសន្តិសុខ និងសុវត្ថិភាពរបស់កម្មករ កម្មការិនី រួមទាំងអ្នកវិនិយោគិនក្នុងប្រទេសកម្ពុជាយើង។
ដោយការឈ្វេងយល់ឃើញដូច្នេះហើយ ទើបសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាស្នើសុំឲ្យសមាគម GMAC អន្តរាគមន៍ឲ្យថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ធ្វើការផ្អាកចង្វាក់ផលិតកម្មរបស់ខ្លួនរយៈពេលមួយសប្តាហ៍ដើម្បីការពារហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ និងក៏ដើម្បីចូលរួមការពារសិទ្ធិសេរីភាពរបស់មនុស្សគ្រប់រូបក្នុងការសម្តែងមតិតាមឆន្ទៈរៀងៗខ្លួនផងដែរ៕