ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

មិន​ខុសច្បាប់​ទេ​ឬ​យ៉ាងណា នៅពេលដែល​ប្រពន្ធ​ធ្វើជា​អ្នកតំណាងរាស្ត្រ និង​ប្តី​ធ្វើជា​ចៅហ្វាយខេត្ត​?

​លោកជំទាវ បាន ស្រីមុំ អាយុ​៣៧​ឆ្នាំ ដែល​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៥ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មណ្ឌល​ខេត្ត​ប៉ៃលិន នា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣​នេះ​។​ ​

រីឯ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ អ៊ី ឈាន ដែល​ត្រូវជា​ស្វាមី​របស់លោក​ជំទាវ បាន ស្រីមុំ កំពុង​កាន់កាប់​មុខតំណែង និង​តួនាទី​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ផង និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ផង​។​ ​

បញ្ញត្តិ​មាត្រា​៧៩ នៃ​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែងថា «​អាណត្តិ​នៃ​សមាជិក​រដ្ឋសភា​មាន​វិសមិតភាព​ជាមួយ​ការបំពេញ​មុខងារសាធារណៈ​ជាស​កម្ម និង​ជាមួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃទៀត​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ វៀរលែងតែ​ទៅ​បំពេញ​មុខងារ​ក្នុងគណៈ​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​។​»​។ ​

ឥឡូវនេះ ថ្វីដ្បិតតែ​លោកជំទាវ បាន ស្រីមុំ ដែល​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​នីតិកាល​ទី​៥​មិន​កាន់​មុខតំណែង​ជា​ចៅហ្វាយខេត្ត​ប៉ៃលិន ឬ​មុខងារសាធារណៈ​ផ្សេងទៀត​ក្តី​ក៏ដោយ ក៏ប៉ុន្តែ លោកជំទាវ បាន ស្រីមុំ មាន​ស្វាមី​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​។ ដូច្នេះ គេ​ចោទ​ជា​សំណួរ​ថា ឧបមា​ថា ឯកឧត្តម អ៊ី ឈាន ជា​ស្វាមី​មាន​កំហុសឆ្គង​ក្នុងការ​បំពេញ​មុខងារ​ក្នុងនាម​ជា​អភិបាលខេត្ត​ប៉ៃលិន តើ​លោកជំទាវ បាន ស្រីមុំ ជា​អ្នកតំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន​ទាំងមូល​អាច​ហ៊ាន​ធ្វើ​របាយការណ៍ និង​ចាត់ការ​ពាក្យបណ្តឹង​រប​ស់​ប្រជារាស្ត្រ​ដែល​រាយការណ៍​អំពី​កំហុសឆ្គង​របស់​ស្វាមី​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ដោះស្រាយ​ដែរឬទេ​?

​ក្រុមអ្នកច្បាប់​ឯករាជ្យ បាន​ផ្តល់នូវ​ចម្លើយ​ទៅនឹង​សំណួរ​នេះ​ថា «​ប្រាកដជា​មិនអាច​ពីព្រោះ​វា​ជាការ​គ្រប់គ្រង​អំណាច​ក្នុង​គ្រួសារ​តែមួយ​»​។ ​

នេះ​គឺជា​ព័ស្តុតាង​មួយ​ក្នុងចំណោម​ព័ស្តុតាង​ដ៏​ច្រើន​ទៀត​ដែល​បង្ហាញ​អំពី​រូបភាព​នៃ​ការកាន់កាប់​អំណាច​ដ៏​ច្របូកច្របល់​ក្នុងសម័យ​រាជាណាចក្រ​កម្ពុ​ជាទី​២ ដែលជា​រឿយៗ​រាស្ត្រ​ក្រីក្រ តូចតាច តែងតែ​ទទួលរង​ទុក្ខ និង​អំពើ​អយុត្តិធម៌​ឥត​ល្ហែល្ហើយ​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.