កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ម្សិលមិញនេះ បន្ទាប់ពីទទួលបានលិខិតចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣របស់ឯកឧត្តម អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" រួចមក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជសារមួយពីទីក្រុងប៉េកាំង ប្រទេសចិន នឹងកោះអញ្ជើញបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ទាំងអស់ ប្រជុំដំបូងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភា ។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា ការកោះប្រជុំសភាលើកដំបូងដោយអង្គព្រះមហាក្សត្រ គឺធ្វើឡើងតាមបញ្ញត្តិមាត្រា៨២ថ្មីនៃច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មនៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៣០៦/០០៦ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦ បានចែងថា "រដ្ឋសភាបើកសម័យប្រជុំដំបូង៦០ថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោតតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ។" ។
ដោយឡែក គណបក្សសង្គ្រោះជាតិដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ ចំនួន៥៥អាសនៈឯណោះវិញ បានប្រកាសកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ ក្រោយពេល គ.ជ.ប ប្រកាសលទ្ធផលឆ្នោតផ្លូវការថា នឹងរៀបចំធ្វើមហាបាតុកម្មរយៈពេលចំនួន៣ថ្ងៃជាប់ៗគ្នា ទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ។
ឆ្លុះបញ្ចាំងតាមរយៈសកម្មភាពនៅក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានបង្ហាញថា ការប្រកាសធ្វើមហាបាតុកម្មសាជាថ្មីរយៈពេលបីថ្ងៃជាប់ៗគ្នា របស់គណបក្សសង្គ្រោះជាតិនោះ បានញ៉ាំងឲ្យទឹកចិត្តរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិពុះកញ្ជ្រោលក្នុងការត្រៀមខ្លួនចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ជាពិសេសក្នុងស្រទាប់យុវជនសម័យថ្មី រហូតពួកគេទាមទារចង់ឲ្យមានមហាបាតុកម្មហែជាក្បួនទៀតផង ។
អ្នកលេង Facebook បាន Post នូវអត្ថបទមួយក្នុង Page ឈ្មោះ I Love Cambodia Hot News កាលពីថ្ងៃម្សិលមិញថា "ពាក្យពិតថ្វាយជូនព្រះមហាក្សត្រ ៖ ព្រះមហាក្សត្រនឹងយាងមកកម្ពុជាវិញនៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខ ។ តាមទស្សនៈទូលព្រះបង្គំជាខ្ញុំផ្ទាល់ ជាប្រជាពលរដ្ឋម្នាក់ ចង់ទូលថ្វាយព្រះអង្គថា បើទ្រង់យាងមក ហើយចង់ធ្វើជាអាជ្ញាកណ្តាលដោះស្រាយបញ្ហាវិបត្តិនយោបាយ សូមទ្រង់ផ្អែកលើយុត្តិធម៌ជាធំ និងក៏ត្រូវមានវិធានការចំពោះអ្នកប្រព្រឹត្តការលួចបន្លំសន្លឹកឆ្នោត ព្រមទាំងអ្នកនៅពីក្រោយផងដែរ ។ តែបើទ្រង់ធ្វើមិនបានទេ ហើយគ្រាន់តែយាងមកជួយបង្គ្រប់កិច្ចឲ្យ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជាទេ សូមទ្រង់មេត្តាគង់នៅប៉េកាំងចុះល្អជាង ឬកុំពាក់ព័ន្ធនឹងរឿងនេះអី ដោយទុកឲ្យទូលបង្គំយើងខ្ញុំជាប្រជាជន ឬយុវជនជាអ្នកដោះស្រាយទៅចុះ ។" ។
ដោយសារគណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្ម ដែលរំពឹងថា នឹងមានអ្នកចូលរួមច្រើន និងអង្គព្រះមហាក្សត្រទ្រង់សម្រេចព្រះទ័យកោះប្រជុំរដ្ឋសភាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខ ជាហេតុនាំឲ្យកម្តៅចេះតែកើនឡើងខ្លាំងទៅៗក្នុងបណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ។
គេមិនទាន់ដឹងច្បាស់ថា តើគណបក្សសង្គ្រោះជាតិនឹងធ្វើការផ្លាស់ប្តូរជំហររបស់ខ្លួនឡើងវិញក្នុងការធ្វើមហាបាតុកម្មឬយ៉ាងណានៅឡើយទេ បន្ទាប់ពីមានព្រះរាជសាររបស់ព្រះមហាក្សត្រនាថ្ងៃម្សិលមិញថា ទ្រង់នឹងកោះប្រជុំរដ្ឋសភាដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនោះ និងបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥របស់គណបក្សសង្គ្រោះជាតិចំនួន៥៥រូបនឹងចូលរួមប្រជុំសភាលើកដំបូងដែរឬក៏អត់ ? ៕